១ ផ្តាច់​វាសនា ៣! រឿង​អស់​នេះ​កើត​ឬ​មិន​កើត ទល់តែសួរ Real Madrid សិន ជាមេធំចាំសម្រេច


១ ផ្តាច់​វាសនា ៣! រឿង​អស់​នេះ​កើត​ឬ​មិន​កើត ទល់តែសួរ Real Madrid សិន ជាមេធំចាំសម្រេច
05May-2024
  • Sunday 05 May 2024
  • 08:32 PM

ពួក​គេ​កំពុង​ឈរ​លើ​គោលដៅ​តែ​មួយ​គឺ​ការ​ឈ្នះ​ពាន Champions League តែ​បើ​និយាយ​អំពី​រសជាតិ​ដែល​នឹង​ទទួល​បាន គឺ​ខុស​ប្លែក​ពី​គ្នា ត្រង់​ទៅ​តាម​អារម្មណ៍ ទៅ​តាម​ចំណង់​ដែល​ខ្លះ​រង់ចាំ​អស់​រាប់​ទសវត្ស​មក​ហើយ។

ជើង​ទី ២ វគ្គ ៤ ក្រុម​ចុងក្រោយ UCL រដូវ​កាល ២០២៣/២៤ ​ត្រៀម​នឹង​ចូល​មក​ដល់ ហើយ​ក៏​មាន​ការ​ផ្សាយ​បន្ត​ផ្ទាល់​លើ​ទំព័រ CTS SPORTS នៅ​វេលា​ទៀប​ភ្លឺ ឈាន​ចូល​ថ្ងៃ​ពុធ និង​ព្រហស្បតិ៍​ពាក់​កណ្ដាល​សប្ដាហ៍​នេះ។ តែ​មុន​ការ​ប្រកួតប្រជែង​ដ៏​ក្តៅ​គគុក​ចូល​មក​ដល់ យើង​សូម​បង្ហាញ​រសជាតិ​ ៣ ផ្សេង​គ្នា ហើយ​ក្នុង​ចំណោម​ដូច​ត្រៀម​រៀបរាប់​គឺ​មាន​ក្លឹប​មួយ​អាច​ផ្តាច់​ចង្វាក់​របស់​ពួក​គេ​បាន វា​គឺ​ជា​អធិរាជ​ស Real Madrid៖

៣) ដង្ហើម​នៃ​ជ័យជម្នះ​ចុងក្រោយ​របស់ Marco Reus

ខ្សែ​បម្រើ​ស្មោះ​នឹង​ក្លឹប​សញ្ជាតិ​អាល្លឺម៉ង់ ដែល​ឈរ​ជើង​ជាមួយ Borussia Dortmund តាំង​ឈុត​ថ្នាល​នៅ​ឆ្នាំ ១៩៩៥ មក​ទល់​រដូវ​ក្តៅ ២០២៤ ខាង​មុខ រាប់​ចូល​ជិត ៣ ទសវត្ស​ហើយ។ គេ​មិន​ទាន់​បាន​ស្គាល់​ជាតិ​កាន់​ពាន​អឺរ៉ុប​សូម្បី​ម្តង ខណៈ​ឱកាស​ប៊ិះ​តែ​នឹង​កើត​ឡើង​គឺ​នៅ​ឆ្នាំ ២០១៣ ឡើង​បាន​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ តែ​ចាញ់ Bayern Munich។

យ៉ាង​ណា​ក្តីសង្ឃឹម​ចុងក្រោយ​ក្នុង​ការ​ឈ្នះ​ពាន Champions League ជា​លើក​ដំបូង​ជាមួយ Dortmund ពិត​ណាស់​វា​នឹង​អាច​កើត​ឡើង​នៅ​រដូវ​កាល​ចុងក្រោយ​របស់ Reus តែ​ថា​មិន​ត្រូវ​មើល​មិន​ឃើញ បើ​មិន​ប៉ះ Bayern ម្តង​ទៀត ក៏​នឹង​ប៉ះ Real Madrid ដែល​ជា​ស្តេច​ពាន​គីឡូ​យក្ស​មិន​ធ្លាប់​ស្គាល់​ចាញ់​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ពាន​អឺរ៉ុប ក្នុង​សតវត្ស​ទី ២១។

២) ឱកាស​មាស​កាន់​ពាន UCL ​ដំបូង​ក្នុង​អាជីព Kane

ដូច​ប្រិយមិត្ត​បាន​ដឹង​មួយ​អាជីព Harry Kane មិន​ទាន់​ស្គាល់​ជាតិ​ឈ្នះ​ពាន​ផ្លូវការ​ណា​មួយ​នៅ​ឡើយ តាំង​ការ​ឈរ​ជើង​រាប់​ឆ្នាំ​នៅ​អតីត​ក្លឹប​ចាស់ Spurs។ ឥឡូវ​បន្ត​មក​ដល់ Bayern Munich ពាន​ក្នុង​ស្រុក​របូត​ហូហែរ តែ​មើល​ក្រឡា Champions League រាង​សង្ឃឹម​ក្រែល​ដែរ ​ក៏​ប៉ុន្តែ​វា​អាច​នឹង​ត្រូវ​បញ្ចប់​ត្រឹម​វគ្គ ៤ ក្រុម នាំ​ឲ្យ​ក្តីស្រមៃ​កីឡាករ​អង់គ្លេស​ខកខាន​ជា​ថ្មី ប្រសិន​នៅ​ដី Bernabeu ខាង​មុខ ឥត​អាច​ឆ្លង​ផុត​ថ្វី​ជើង​ម្ចាស់ផ្ទះ​ទីក្រុង Madrid។

កាល​ជើង​ ១ ស្មើ​ស្តេច​ស ២-២ នាំ​ឲ្យ​ក្តីសង្ឃឹម​ជៀស​ផុត​ពី​ការ​ហាលអាវ​ត្រូវ​ធ្លាក់​មក​ទាប​ខ្លាំង ដ្បិត​ជើង​ទី ២ នៅ Bernabeu ខាង​ក្លឹប​ណា​ក៏​ច្រើន​តែ​រអ៊ូ​ដែរ ថា​ពិបាក​នឹង​ឆ្លង​ផុត Real Madrid ខ្លាំង​ណាស់។

១) ពាន UCL លើក​ដំបូង​សម្រាប់ Mbappe និង PSG

ប្រវត្តិសាស្រ្ត​ក្លឹប​បារាំង Paris Saint-Germain ធ្លាប់​បាន​ឡើង​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​កាល​រដូវ​កាល ២០១៩/២០ តែ​ត្រូវ​បរាជ័យ​ក្រោម​ថ្វី​ជើង ម្ចាស់​ជើង​ឯក Bayern Munich។ ឥឡូវ​សារ​នេះ​ឡើង​មក​វគ្គ ៤ ក្រុម​ម្តង​ទៀត​ហើយ ដ្បិត​ជើង​ទី​មួយ​បើក​ឲ្យ Dortmund នាំ​មុខ​មុន ១-០ នេះ​បើ​ជើង​ទី​ពីរ​វាយ​បក​យក​ឈ្នះ ត​ទៅ​មុខ​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ គឺ​អាច​ជួប​គូ​ប្រជែង​ចាស់​អាល្លឺម៉ង់​ម្តង​ទៀត ឬ​ភ្លក់​រសជាតិ​ជួប​គីឡូ​យក្ស Real Madrid នោះ​ឯង។

ក្តីសង្ឃឹម​សម្រាប់ PSG ក្នុង​ការ​ឈ្នះ​ពាន​លើក​ដំបូង​នៅ UCL វា​អាច​កើត​ឡើង តែ​សង្ឃឹម​ទាប​ជាង Bayern ជាង Dortmund ជាង Real Madrid នៅ​ខណៈ​នេះ ដូច​គ្នា​នឹង Mbappe បើ​មិន​ឈ្នះ​សារ​នេះ គឺ​មាន​តែ​ចាំ​សារ​ក្រោយ​ទៀត​ហើយ តែ​មិនមែន​ជាមួយ PSG គឺ​ជាមួយ Real Madrid ដូច​គ្នា​យើង​បាន​ដឹង​នោះ​ឯង៕

ប្រភព៖ បរទេស

Facebook Comments

ព័ត៌មានកីឡាថ្មីៗ