នៅឆ្នាំ២០២២នេះ ត្រូវបានគេចាត់ទុកថាជាឆ្នាំដែលអាក្រក់បំផុតហើយក្នុងអាជីពរបស់ខ្សែប្រយុទ្ធ Cristiano Ronaldo ក្រោយពីខកបំណងទាំងក្នុងជីវិតរស់នៅ និងអាជីពបាល់ទាត់។
ក្នុងការរស់នៅប្រចាំថ្ងៃនៅឆ្នាំ២០២២នេះ Ronaldo បានបាត់បង់កូនប្រុសម្នាក់។ ដោយកាលពីមិត្តស្រី Georgina Rodriguez សម្រាលកូនភ្លោះនៅពាក់កណ្ដាលឆ្នាំ២០២២នេះ ជាអកុសលនាងបានបាត់បង់កូនប្រុសម្នាក់ទៅហើយ ដោយរស់រានមានជីវិតតែកូនស្រីប៉ុណ្ណោះ។ ការបាត់បង់ដ៏ធំមួយនេះ ធ្វើឱ្យ Ronaldo ពិបាកចិត្តជាខ្លាំង ហើយក៏មិនបានចូលរួមលេង Pre Season ជាមួយក្លឹប Man Utd ផងដែរ។
រហូតដល់ក្លឹបបិសាចក្រហមលែងជឿទុកចិត្តគេ ហើយវត្តមានរបស់លោក Erik ten Hag មកដឹកនាំក្រុមទៀតក៏ធ្វើឱ្យស្ថានភាពមិនល្អប្រសើរនោះទេ។ Ronaldo ត្រូវអង្គុយបម្រុងស្ទើរគ្រប់ប្រកួត រហូតដល់មានបញ្ហាជាមួយក្លឹបនិងអ្នកចាត់ការ ហើយបញ្ចប់កុងត្រាភ្លាមៗថែមទៀតនៅមុនព្រឹត្តិការណ៍ World Cup 2022 មកដល់។ ជាមួយស្ថានភាពបែបនេះ បានធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍កីឡាករវ័យ៣៧ឆ្នាំនេះជាខ្លាំង។
នៅក្នុងការប្រកួត World Cup ទៀតសោត រូបគេក៏មិនបានបង្ហាញទម្រង់លេងល្អផងដែរ។ ជាក់ស្ដែងនៅវគ្គ១៦ក្រុមចុងក្រោយ លោក Santos ដែលជាគ្រូបង្វឹកព័រទុយហ្គាល់បានដាក់ Ronaldo បម្រុងដែលនេះជារឿងគួរឱ្យភ្ញាក់ផ្អើលមួយ។ ឈានដល់វគ្គ៨ក្រុមចុងក្រោយ ស្ថានភាពនេះក៏កើតឡើងម្ដងទៀត Ronaldo អង្គុយបម្រុង រហូតដល់តង់ទី២ទើបប្ដូរចូល។ មិនសំណាង ព័រទុយហ្គាល់ ក៏ធ្លាក់នៅត្រឹមវគ្គ៨ក្រុមចុងក្រោយនេះទៀត។
ដូច្នេះនៅឆ្នាំ២០២២នេះ អ្វីគ្រប់យ៉ាងសុទ្ធតែកើតឡើងលើ Ronaldo ហើយវាក៏ជារឿងមិនល្អថែមទៀត។ បច្ចុប្បន្នរូបគេក៏មិនទាន់បានចុះកុងត្រាលេងឱ្យក្លឹបធំណាមួយនោះដែរ៕