ចំណង​ស្នេហ៍ ៧ ឆ្នាំ ហាក់​ប្រេះស្រាំ​កៀក​ដល់​ផ្លូវ​បំបែក បើ​ចែក​ផ្លូវ តើ Georgina នឹង​បាន​ប្រាក់​ប៉ុន្មាន​ពី Ronaldo?


ចំណង​ស្នេហ៍ ៧ ឆ្នាំ ហាក់​ប្រេះស្រាំ​កៀក​ដល់​ផ្លូវ​បំបែក បើ​ចែក​ផ្លូវ តើ Georgina នឹង​បាន​ប្រាក់​ប៉ុន្មាន​ពី Ronaldo?
26April-2023
  • Wednesday 26 April 2023
  • 07:59 AM

ទំនាក់ទំនង​ស្នេហ៍​ដែល​បញ្ឆេះ​ឡើង​តាំង​ឆ្នាំ ២០១៦ គ្រា Cristiano Ronaldo នៅ​ឈរ​ជើង​ឲ្យ​ក្លឹប Real Madrid រវាង​តារា​ម៉ូដែល​ស្រី Georgina Rodriguez ពេល​ចុង​ក្រោយ​នេះ បាន​ល្ហៀងៗ​ថា​ហាក់​​ឈាន​ដល់​ភាព​ប្រេះស្រាំ អាច​នឹង​បន្ត​ទៅ​ដល់​ការ​ចែក​ផ្លូវ​ក៏​ថា​បាន។

ជា​ការ​ពិត​អ្នក​ទាំង​ពីរ មិន​ទាន់​ប្រកាស​ផ្លូវការ​អំពី​ការ​រៀប​អាពាហ៍ពិពាហ៍​នឹង​គ្នា​នៅ​ឡើយ តែ​បាន​រួមរស់​ប្រៀប​ដូច​ជា​ប្តី​ប្រពន្ធ ហើយ CR7 ក៏​បាន​ផ្ញើ Georgina ​ពពោះ​កូន​ទាំង ២ ដល់​ចាប់​កំណើត​ឃើញ​ភព​ផែនដី រាប់​ចូល​ជា​សមាជិក​គ្រួសារ​ក្នុង​ចំណោម​កូន​ទាំង ៥ នាក់​របស់​តារា​ឆ្នើម​ព័រទុយហ្គាល់។

បើ​តាម​សារព័ត៌មាន​ក្រៅ​ស្រុក​មួយ​ចំនួន​បាន​ចុះ​ផ្សាយ ថា​កីឡាករ​វ័យ ៣៨ ឆ្នាំ ហាក់​មាន​ការ​នឿយណាយ​នឹង​តារា​ស្រី​វ័យ ២៩ ឆ្នាំ​ខាង​លើ ក្រោម​ហេតុផល​នៃ​អាកប្បកិរិយា ភាព​ក្រអឺតក្រទម​របស់​នាង។ ដោយឡែក​ងាក​ទៅ​អ្នក​ចិត្តសាស្ត្រ​លោក Quinton Aries ក៏​បាន​ចេញ​មក​បកស្រាយ​លើ​កម្មវិធី​នៃ​ប៉ុស្តិ៍​ទូរទស្សន៍​ព័រទុយហ្គាល់​ផង​ដែរ​ថា៖ “អាកប្បកិរិយា​បង្ហាញ​ចេញ​មក​ថ្មីៗ​នេះ Ronaldo ហាក់​ឲ្យ​យើង​បាន​ឃើញ ២ ចំណុច ទី ១) គឺ​គាត់​កំពុង​តែ​មិន​ស្ថិត​ក្នុង​ជីវិត​សុភមង្គល រួច​ទី ២) គាត់​កាន់​តែ​ឃ្លាត​ឆ្ងាយ​ពី​ម្តាយ​របស់​គាត់​អ្នក​ស្រី Dolores Aveiro នោះ​កំហឹង​ក្នុង​ចិត្ត​របស់​គាត់​កាន់​តែ​តិច យើង​ប្រាកដ​បាន​ដឹង​ហើយ ហេតុអ្វី​គាត់​ព្យាយាម​ចង់​ឃ្លាត​កាន់​តែ​ឆ្ងាយ​ពី​ក្រុម​គ្រួសារ”។

 

អត្ថន័យ​នេះ ចង់​សំដៅ​ថា ទំនាក់ទំនង​រវាង​ម្តាយ​បង្កើត​អ្នក​ស្រី Aveiro និង​កូន​ប្រសា​ក្រៅ​ក្របខ័ណ្ឌ Rodriguez ប្រហែល​មាន​ភាព​សោះកក្រោះ តែង​នាំ​ឲ្យ CR7 មាន​ការ​អាក់អន់ចិត្ត។ ដូច​យើង​ដឹង​ស្រាប់​ហើយ Ronaldo ជា​កូន​ប្រុស ដែល​មាន​ទឹកចិត្ត​ស្រលាញ់​ម្តាយ​ខ្លាំង​បំផុត ដោយ​ស៊ូ​ឲ្យ​ម្តាយ​រស់នៅ​ជាមួយ មិន​ព្រម​បំបែក​ឲ្យ​គាត់​ទៅ​រស់នៅ​ផ្ទះ​ដទៃ​ឡើយ ក្រោម​ហេតុផល​ថា កាល​នៅ​ក្រ បាន​ម្តាយ​នេះ​ហើយ​លះបង់​ធំធេង​បំផុត​សម្រាប់​ខ្លួន មុន​ទទួល​បាន​ជីវិត​សមប្រកប​ដូច​បច្ចុប្បន្ន​នេះ។

ក៏​ប៉ុន្តែ​ដូច​យើង​បាន​ដឹង ចំណង​រវាង​ម្តាយ​ក្មេក កូន​ប្រសា ជា​ញឹកញយ​ពិបាក​នឹង​រក​ឃើញ​ចំណុច​រួម​នៃ​សុភមង្គល​ខ្លាំង​ណាស់ អ៊ីចឹង​ក៏​ប្រហែល​អាច​មក​ពី​ហេតុផល​ខាង​លើ​មួយ​ផ្នែក​ផង​ដែរ។

ចូល​ដល់​ទំហំ​ប្រាក់​ដែល Georgina អាច​ទទួល​បាន ប្រសិន​ជានាង​មិន​បាន​ក្លាយ​ជា​នារី​ចុង​ក្រោយ​ក្នុង​ជីវិត​កំពូល​កីឡាករ​បាល់ទាត់​ខាង​លើ នោះ​ការ​ចែក​ផ្លូវ នឹង​តម្រូវ​ផ្តល់​ទ្រព្យ ៣៥ ភាគរយ នៃ​ទ្រព្យសម្បត្តិ​រួម​របស់ Ronaldo ទៅ​កាន់​នាង។ មាន​ន័យ​ថា ទ្រព្យ​សរុប​ល្បាក់ ១ ០០០ លាន​ដុល្លារ ដែល​កីឡាករ​ក្លឹប Al Nassr កំពុង​កាន់កាប់​ក្នុង​ដៃ ពិត​ណាស់​នឹង​ត្រូវ​បែងចែក​ប្រហែល ៣៥០ លាន​ដុល្លារ ទៅ​កាន់ Georgina ឥត​ប្រកែក​បាន។

សួរ​ថា​មិន​ទាន់​រៀបការ​ផង ហេតុអ្វី​ត្រូវ​ផ្តល់​ឲ្យ​ប្រាក់​ទាំង​ដុល​ទៅ​កាន់ Georgina ​នោះ​ក៏​ដោយសារ​តែ​នាង​បាន​ពពោះ ផ្តល់​កំណើត​កូន​ស្រី​ទាំង ២ សម្រាប់ Ronaldo មាន Alana Martina dos Santos Aveiro និង Bella Esmeralda dos Santos Aveiro ​គួប​ផ្សំ​នឹង​ពេលវេលា​ដ៏​យូរ​អង្វែង​ដែល​អ្នក​ទាំង​ពីរ បាន​ឆ្លង​កាត់​រួមរស់​ជាមួយ​គ្នា​។

គួរ​ឲ្យ​ដឹង​ថា តារា​ស្រី​សម្បុរ​ស្រអែម​សាច់​ចាំ​ខាង​លើ បាន​ដើរ​តាម​បុរស​ក្នុង​ក្តី​ស្រមៃ​ឆ្លង​កាត់​ទីក្រុង​នៃ​ប្រទេស​ជា​ច្រើន បន្ទាប់ Ronaldo ផ្លាស់ប្តូរ​ក្លឹបបាល់ទាត់អាជីព​ជា​បន្តបន្ទាប់។ ចាប់ផ្តើមតាំងពី Madrid នៃ​ប្រទេស​អេស្ប៉ាញ, Turin នៃ​ប្រទេស​អ៊ីតាលី, Manchester នៃ​ចក្រភព​អង់គ្លេស និង​ចុង​ក្រោយ​នេះ រាជធានី Riyadh នៃ​ប្រទេស​អារ៉ាប៊ីសាអូឌីត៕

ប្រភព៖ បរទេស

Facebook Comments

ព័ត៌មានកីឡាថ្មីៗ