Ana Maria Markovic តារា​បាល់ទាត់​ស្រី​ស្អាត​បំផុត​ក្នុង​លោក មាន idol ជា​កីឡាករ​រូប​ណា?


Ana Maria Markovic តារា​បាល់ទាត់​ស្រី​ស្អាត​បំផុត​ក្នុង​លោក មាន idol ជា​កីឡាករ​រូប​ណា?
19June-2022
  • Sunday 19 June 2022
  • 02:43 PM

ស្ថិត​នៅ​វ័យ ២២ ឆ្នាំ កីឡាការនី​សញ្ជាតិ​ក្រូអាត Ana Maria Markovic កំពុង​ផ្ទុះ​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង ដោយ​ក្រៅ​តែ​ពី​សមត្ថភាព​លើ​ទីលាន​ប្រកួត ទៀត​សោត​ងាក​ទៅ​មើល​រូប​សម្រស់ គឺ​ស៊ី​ដាច់​គេ និង​កំពុង​ជាប់​ឈ្មោះ ជា​តារា​បាល់ទាត់​ស្រី​ស្អាត​ដាច់​គេ​ក្នុង​លោក។

កើត​នៅ​ថ្ងៃ​ទី ៩ វិច្ឆិកា ឆ្នាំ ១៩៩៩ នាង​កំពុង​បម្រើ​អាជីព​ឲ្យ​ក្លឹប Grasshoper នៅ​ឯ​ Super League របស់​ប្រទេស​ស្វីស ក៏​ដូច​ជា​តំណាង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ក្រូអាត។ សរុប​ស្ថិតិ​ទាំង​ក្លឹប​បូក​ជម្រើស​ជាតិ គឺ​ឆ្លង​កាត់​ច្រើន​ជាង ៤០ ប្រកួត​ហើយ។ មុន​ទៅ​រៀបរាប់​អំពី​ជីវិត​ក្រៅ​ទីលាន CTS Sports សូម​បង្ហាញ​ចំណុច​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ចំនួន អំពី Markovic ក្នុង​វិស័យ​បាល់ទាត់​ជា​មុន​សិន៖

ដើម​ឡើយ​នាង​កើត​ក្នុង​ទីក្រុង Split ប្រទេស​ក្រូអាត រហូត​ដល់​អាយុ ១២ ឆ្នាំ ទើប​ផ្លាស់​មក​រស់នៅ​ក្នុង​ទីក្រុង Zurich ប្រទេស​ស្វីស ហើយ​ចាប់ផ្ដើម​លេង​បាល់ទាត់​នៅ​អាយុ ១៤ ឆ្នាំ។ នាង​ធ្លាប់​បញ្ជាក់​ថា កូន​ចិត្ត​លើ​វិស័យ​បាល់ទាត់ ចាប់ផ្តើម​កើត​មាន ក្រោយ​ឃើញ​ការ​អភិវឌ្ឍ​និង​រីកចម្រើន​នៃ​បាល់ទាត់​នារី ទូទាំង​សកលលោក។ យុវតី​កម្ពស់ ១,៧៣ ម៉ែត្រ​រូប​នេះ បាន​ហ្វឹកហាត់​នៅ​ឈុត​ថ្នាល ក្លឹប FC Zurich ចន្លោះ​ឆ្នាំ ២០១៧ ដល់ ២០១៩ មុន​ផ្លាស់​មក​ប្រកប​អាជីព​នៅ​ក្លឹប Grasshoper កាល​ពី​ឆ្នាំ ២០២០។

ដោយ​មើល​ឃើញ​ពី​ទេពកោសល្យ និង​ការ​ខិតខំ​ប្រឹងប្រែង Markovic ក៏​ទទួល​បាន​ឱកាស​កោះ​ហៅ ឲ្យ​ទៅ​ចូលរួម​ជាមួយ​ជម្រើស​ជាតិ​ឈុត​ធំ ផ្នែក​នារី របស់​ក្រូអាត​នៅ​ឆ្នាំ ២០២១។ នាង​ធ្លាប់​បង្ហើប​ថា idol ក្នុង​ដួងចិត្ត ជា​កីឡាករ​បាល់ទាត់ Cristiano Ronaldo ខណៈ​ដែល​កីឡាករ​ក្រូអាត​នាង​គាំទ្រ​បំផុត គឺ Luka Modric។

តារា​ស្រី ពាក់​អាវ​លេខ ៧ រូប​នេះ បើ​តាម​ដឹង ក្រៅ​តែ​ពី​បម្រើ​អាជីព​បាល់ទាត់ នាង​ក៏​មាន​ទទួល​ការ​ថត​ម៉ូដែល​នៅ​ខាង​ក្រៅ​ផង​ដែរ ស្រប​ពេល​ដែល​លើ​បណ្តាញ​សង្គម Instagram នាង​មាន Follower ដល់​ទៅ ៦៧៥ ០០០ នាក់​ឯ​ណោះ។ ពាក់ព័ន្ធ​នឹង​ជីវិត​ឯកជន ថា​នាង​ធ្លាប់​មាន​ស្នេហា ជាប់​ជំពាក់​នឹង​នរណា​ឬ​អត់ គឺ​មិន​ធ្លាប់​មាន​ការ​ចុះ​ផ្សាយ​ឡើយ តែ​មើល​ទៅ​ទំនង​ជា​នៅ Single ច្រើន​ជាង Taken។

ដោយឡែក​ថ្មីៗ​នេះ Markovic ក៏​បាន​ផ្ទុះ​ការ​ចាប់​អារម្មណ៍ នៅ​លើ​ក្រប​មុខ​សារព័ត៌មាន ដោយ​ឆ្លើយតប​ទៅ​នឹង​ស្ថាប័ន​កាសែត​មួយ ដែល​ដាក់​ឈ្មោះ​នាង ថា​ជា​តារា​បាល់ទាត់​ស្រី​ស៊ិចស៊ី​បំផុត​ក្នុង​លោក។ ពាក្យ​នេះ នាង​បាន​ច្រាន​ចោល ហើយ​ថា ជា​ការ​បង្ហាញ​ពី​ការ​មិន​គោរព រួច​សុំ​ទទួល​យក​ត្រឹម​ពាក្យ ជា​តារា​បាល់ទាត់​ស្រី​ស្អាត​បំផុត​បាន​ហើយ។

ខ្សែ​ប្រយុទ្ធ​ស្រី វ័យ ២២ ឆ្នាំ ឆ្លើយតប​ចំៗ​ថា៖ “ខ្ញុំ​ពេញ​ចិត្ត​នឹង​អត្ថបទ​ដែល​ចុះ​ផ្សាយ​ថា ខ្ញុំ​ជា​តារា​បាល់ទាត់​ស្រី​ស្អាត​បំផុត ព្រោះ​ស្តាប់​ទៅ​វា​ធ្វើ​ឲ្យ​យើង​ខ្លួន​ឯង​សប្បាយ​ចិត្ត ពេល​គេ​សរសើរ​ថា​យើង​ស្អាត តែ​អ្នក​ដែល​ចុះ​ផ្សាយ​ថា​ខ្ញុំ​ជា​តារា​បាល់ទាត់​ស្រី​ស៊ិចស៊ី​បំផុត គឺ​ខ្ញុំ​ទទួល​យក​អត់​បាន​ទេ ព្រោះ​ការ​ពិពណ៌នា​បែប​នេះ វា​ហាក់​បន្ទាប​តម្លៃ​ទាំង​មក​លើ​ខ្ញុំ និង​ក្រុម​គ្រួសារ​របស់​ខ្ញុំ”។

ដោយឡែក​រវាង​ការ​ជ្រើសរើស​នៃ​ក្រុម​ជម្រើស​ជាតិ​ក្រូអាត ឬ​ស្វីស នាង​ក៏​បាន​និយាយ​ច្បាស់ៗ​ថា សម្រេច​ចិត្ត​ជ្រើស​យក​ក្រូអាត​ហើយ ព្រោះ​តាំង​ពី​ក្មេង​មក នាង​តែងតែ​ពាក់​អាវ​ជម្រើស​ជាតិ​ក្រូអាត ដូច្នេះ​វា​មាន​ន័យ​ធំធេង​ណាស់​ការ​ដែល​អាច​តំណាង ជា​កីឡាការនី​ឲ្យ​ប្រទេស​កំណើត​ខ្លួន​ឯង៕

ប្រភព៖ បរទេស

Facebook Comments

ព័ត៌មានកីឡាថ្មីៗ