គ្រូបង្វឹកខ្សែក្រវាត់ខ្មៅ៣ដាន់ខាងក្បាច់គុន ជីជិស៊ូ លោក Fernando Salvador បានចេញមុខមកវិភាគការប្រកួតរវាងកំពូលកីឡាករគុនចម្រុះកម្ពុជា ចាន់ រតនា និង ជើងខ្លាំងសញ្ជាតិគុយបា Gustavo Balart នៅសង្វៀន ONE: DREAMS OF GOLD ដែលរៀបចំនៅក្រុងបាងកកប្រទេសថៃនាថ្ងៃសុក្រទី ១៦ ខែ សីហា ឆ្នាំ ២០១៩ ចុងសប្ដាហ៍នេះចាប់ពីម៉ោង ៥ ល្ងាចតទៅ។ ប៉ុន្តែ គូ ចាន់ រតនា និង Balart អាចនឹងចាប់ផ្ដើមប្រកួតវេលាម៉ោង ៨:៣០ យប់។
គ្រូបង្វឹករូបនេះបានវិភាគថា ចាន់ រតនា មានឱកាសល្អដើម្បីឈ្នះការប្រកួតតាមរយៈការរៀបគម្រោងការពារទប់ទល់នឹងអ្នកជំនាញផ្នែកចំបាប់, និង ដៃគូប្រយុទ្ធមានកម្លាំងខ្លាំងក្លា។ លោកបន្តថា រតនា ត្រូវតែមានការរៀបចំខ្លួនល្អ និង ប្រើតិកនិកឲ្យប្រកបដោយភាពប្រុងប្រយ័ត្នចំពោះ Balart ដែលជាកីឡាករចំបាប់ធ្លាប់ប្រកួតនៅព្រឹត្តិការណ៍អូឡាំពិកតំណាងឲ្យគុយបា។
លោក Fernando ផ្ដល់យោបល់ទៀតថា៖«បើចង់មានប្រៀបលើ Balart , ចាន់ រតនា ត្រូវតែប្រើក្បាច់គុនខ្មែរឲ្យបានច្រើន, កុំចូលកៀកពេកដោយវ៉ៃ, ជង្គង់ និងទាត់ពីចម្ងាយសំដៅផ្នែកខាងលើនៅទឹកទី២ និង ទី៣»។
Balart ពិតជាអស្ចារ្យ ដោយឈ្នះ ៨ លើកក្នុងការបង្ហាញខ្លួន ១០ លើកលើសង្វៀនគុនចម្រុះកន្លងមក។ យ៉ាងណាក្ដី បុរសវ័យ ៣២ ឆ្នាំសញ្ជាតិគុយបា រូបនេះ ចាញ់កីឡាករសញ្ជាតិជប៉ុន Tatsumitsu Wada ក្នុងការប្រកួតចុងក្រោយរបស់ខ្លួន។ ឪ
ផ្ទុយទៅវិញម្ចាស់ក្លិប «សិល្បៈ» ចាន់ រតនា ឈ្នះការប្រកួតចុងក្រោយនៅសង្វៀន ONE ទល់នឹងកីឡាករសញ្ជាតិឥណ្ឌូណេស៊ី Rudy Agustian។
សូមទស្សនាការផ្សាយផ្ទាល់ពីសង្វៀន ONE: DREAMS OF GOLD ពីប្រទេសថៃនាល្ងាចថ្ងៃទី ១៦ សីហា ចាប់ពីម៉ោង ៥ល្ងាចតទៅ តាមរយៈផេក https://www.facebook.com/ONEChampionship/ , ONE Super App និង YouTube: https://www.youtube.com/user/OneFCMMA ៕