លោក Lionel Scaloni គ្រូបង្វឹកក្រុមជម្រើសជាតិអាហ្សង់ទីន បានអះអាងថាមូលហេតុដែលមិនកោះហៅ Lionel Messi ចូលជម្រើសជាតិ គឺដើម្បីទុកពេលឱ្យគេសម្រាកគ្រប់គ្រាន់ ព្រោះទើបជាសះស្បើយពីកូវីដ១៩។
ក្រុមអាហ្សង់ទីន បានកោះហៅកីឡាករវដើម្បីប្រមូលផ្ដុំត្រៀមប្រកួតជម្រុះ World Cup ខាងមុខហើយ តែក្នុងនោះគេសង្កេតឃើញថាមិនមានវត្តមានរបស់ Messi នោះទេ។ ខណៈដែលក្រុមខ្លាំងនៅអាមេរិកឡាទីនមួយនេះ ក៏បានជាប់ស្វ័យប្រវត្តិដើម្បីទៅលេង World Cup 2022 នៅប្រទេសកាតាហើយដែរ។
លោក Lionel Scaloni បាននិយាយបញ្ជាក់ច្បាស់ថា៖ “យើងពិតជាចង់បាន Messi មកជាមួយយើង។ ខ្ញុំបាននិយាយជាមួយគាត់ ហើយគាត់ប្រាប់ខ្ញុំថាកូវីដ១៩បានធ្វើឱ្យគាត់ពិបាកណាស់។ វាជារឿងល្អដើម្បីឱ្យគាត់សម្រាកគ្រប់គ្រាន់ ហើយនេះជាហេតុផលដែលខ្ញុំទុកឱ្យគាត់នៅក្លឹបអាជីព មិនបាច់មកជម្រើសជាតិទេ”៕ ប្រភព៖ Marca