គិតមកទល់ថ្ងៃនេះ ម៉ោងនេះ ១២ ក្នុងចំណោមកៅអីទាំង ១៦ ត្រូវបានកក់ទុករួចរាល់ ដ្បិតបើសេសសល់ប្រកួតមួយជុំទៀតក្នុងដៃ សម្រាប់ការបិទបញ្ចប់វគ្គចែកពូល។ នៅអេស្ប៉ាញ ៤ ក្លឹបហើយឆ្លងផុត តួយ៉ាងគឺ Real Madrid, Barcelona, Atletico Madrid និង Real Sociedad ស្របពេលនៅអាល្លឺម៉ង់ ៣ ក្លឹបបណ្តែតឈ្មោះឡើង គឺ Bayern Munich, Borussia Dortmund និង RB Leipzig ហើយនៅអង់គ្លេសទើបតែបន្ថែមឈ្មោះ Arsenal បន្ទាប់ Man City កក់តាំងជុំមុន ដូចគ្នានឹងអ៊ីតាលី ២ ក្លឹបបានឆ្លង គឺ Inter Milan និង Lazio ហើយនៅហូឡង់ ក៏កាត់កងយកបានមួយដែរជា PSV។
៤ កៅអីសេសសល់ អ្នកគាំទ្រកំពុងទន្ទឹងរង់ចាំ ចង់អ៊ុតចង់ដឹងចម្លើយ តើមានបិសាចក្រហម Manchester United ដែរឬទេ ខណៈរដូវកាល ២០២៣/២៤ ក្លឹបដឹកនាំដោយអ្នកចាត់ការលោក Erik ten Hag ហាក់កាន់តែយ៉ាប់យ៉ឺនខ្លាំង នេះទោះស៊ុតចូលគេច្រើនគ្រាន់ តែរបូតក៏ច្រើនគ្រាប់ដែរ។ CTS SPORTS បង្ហាញរឿងរ៉ាវគួរឲ្យចាប់អារម្មណ៍មួយចំនួនអំពីកូនដំរីតូច Arsenal និងបិសាចក្រហម Man United៖
ពាក់ព័ន្ធនឹងកាំភ្លើងធំ Arsenal ដឹកនាំដោយអ្នកចាត់ការលោក Mikel Arteta ស្ថិតក្នុងពូល B គិតត្រឹមប្រកួតទី ៥ ឈ្នះ ៤ ស្មើ ០ ចាញ់ ១ មាន ១២ ពិន្ទុនាំមុខគេ។ ជ័យជម្នះដ៏គួរឲ្យភ្ញាក់ផ្អើលចុងក្រោយ គឺការបំបាក់ក្លឹបភ្ញៀវបារាំងស្ពឹកមុខ ៦-០ នៅឯកីឡដ្ឋាន Emirate Stadium ក្នុងទឹកដីចក្រភពអង់គ្លេស។
កំណត់ត្រាខ្នាតយក្ស ២ Arsenal បានសាងនៅយប់មិញនេះ គឺក្លាយជាការឈ្នះធំបង្អស់ឥតធ្លាប់មាន ដែលក្លឹបអង់គ្លេសប្រកួតទល់ក្លឹបបារាំង នៅពានរង្វាន់អឺរ៉ុប ខណៈមួយផ្សេងទៀត ពួកគេក៏ជាក្លឹបអង់គ្លេសដំបូង ដែលអាចរកបាន ៥ គ្រាប់ត្រឹមតង់ទីមួយ នៅប្រវត្តិសាស្រ្ត Champions League។ ហ្នឹងហើយនាទី ១៣ ដោយ Kai Havertz នាទី ២១ ដោយ Gabriel Jesus នាទី ២៣ ដោយ Bukayo Saka នាទី ២៧ ដោយ Gabriel Martinelli និង ៤៥+១ ដោយ Martin Odegaard មុនចែកឲ្យ Jorginho នាទី ៨៦ ជាការស៊ុតប៉េណាល់ទី មុនបិទតង់។
ពាក្យថា ឡើងទ្រើង គឺដំរីក្រហមបោរលឿនឆ្ពោះទៅមុខ លើគេទាំងពានក្នុងស្រុកនិងពានអឺរ៉ុប។ ត្រង់ Premier League ចុះឡើង Arsenal ក៏រំកិលមកឈរកំពូលតារាងជាថ្មី គិតត្រឹមជុំទី ១៣ មាន ៣០ ពិន្ទុពីលើ Man City ១ ពិន្ទុ។
ឥឡូវយើងងាកមកនិយាយដើម Man United វិញម្តង ចំណុចធំបង្អស់ គឺបកស្រាយចម្ងល់អ្នកគាំទ្រជាមុន ថាតើក្លឹបម្ចាស់ដី Old Trafford ត្រូវការសេណារីយ៉ូបែបណា ទើបអាចឲ្យពួកគេឆ្លងទៅវគ្គ ១៦ ក្រុម UCL បាន?
មិនពិបាកគិតច្រើនសារនេះ ៥ ប្រកួត ៤ ពិន្ទុរបស់ United សម្រេចឲ្យពួកគេត្រូវការយកឈ្នះទៅលើ Bayern Munich ឥតអាចខកបាននៅល្បាក់ពាក់កណ្តាលខែធ្នូខាងមុខ ហើយចំថ្ងៃនោះដែរ Copenhagen ទល់ Galatasaray គូនេះត្រូវតែស្មើ បើមានម្ខាងណាឈ្នះ នោះជ័យជម្នះរបស់ United ក៏មិនគ្រប់គ្រាន់ឲ្យពួកគេទទួលបានកៅអីទៅវគ្គបន្ទាប់ដែរ។
តែក្នុងលក្ខខណ្ឌ United ឈ្នះ Bayern ហើយមួយរវាង Copenhagen ឬ Galatasaray ចាញ់ ម្ល៉េះក្លឹបអង់គ្លេស ក៏សល់ឱកាសចុងក្រោយ ធ្លាក់ទៅវគ្គចែកពូល ពាន Europa League ជាជាងឥតបានលេងអ្វីទាំងអស់។
បញ្ហានៅតែជាបញ្ហា ដែលមិនអាចរកឃើញចម្លើយ ខ្លះទៅបន្ទោសតំបន់ប្រយុទ្ធ ខ្លះថាមកពីបម្រើ ខ្លះទៀតក៏ថាមកពីការពារ។ យ៉ាងណាខណៈចុងក្រោយ អ្នកចាំទី Andre Onana ហាក់ត្រូវមាត់ខ្លាំងពីអ្នកគាំទ្រ ចុះសម្រាប់យោបល់អ្នករាល់គ្នា អ្វីទៅជាចំណុចក្លឹបបិសាចក្រហមគួរកែប្រែពេលខាងមុខ?
ប្រភព៖ បរទេស