យ៉ាងហោចណាស់មានមនុស្ស ១២នាក់បានស្លាប់ និងរាប់រយនាក់បានរងរបួស នៅក្នុងហេតុការណ៍រត់ជាន់គ្នានៅកីឡដ្ឋានមួយនៅប្រទេស El Salvadorខណៈដែលប្រធានាធិបតីរបស់ប្រទេសនេះបានប្តេជ្ញាថានឹងមានការស៊ើបអង្កេតមួយ។
អាជ្ញាធរបាននិយាយថា របាយការណ៍ដំបូងបានឱ្យដឹងថា ឧបទ្ទវហេតុនេះបានកើតឡើនៅពេលអ្នកគាំទ្រព្យាយាមចូលទៅក្នុងកីឡដ្ឋាន Cuscatlan ដែលមានកៅអី ៣៥,០០០កៅអី ក្នុងរដ្ឋធានី San Salvador របស់ប្រទេសអាមេរិកកណ្តាលមួយនេះ ដើម្បីទស្សនាការប្រកួតរវាងក្រុមក្នុងស្រុកពីរគឺ Alianza និង FAS។
ការប្រកួតត្រូវបានផ្អាក ខណៈដែលបុគ្គលិកសង្គ្រោះបន្ទាន់បានជម្លៀសមនុស្សចេញពីកីឡដ្ឋាន ដែលជាកន្លែងដែលមន្ត្រីប៉ូលីស និងទាហានរាប់រយនាក់ បានប្រមូលផ្តុំគ្នា អមទៅដោយសំឡេងស៊ីរ៉ែនរថយន្តសង្គ្រោះបានបញ្ចេញសម្លេងលាន់លឺកងរំពង។
លោក Carlos Fuentes អ្នកនាំពាក្យនៃក្រុមសេវាសង្គ្រោះបន្ទាន់បាននិយាយថា ពួកគេកំពុងព្យាបាលមនុស្សជាង ៥០០នាក់ដែលរងរបួសផ្សេងៗ ខណៈ ដែលអាជ្ញាធរការពារស៊ីវិលបាននិយាយថា មនុស្សសរុបចំនួន ៨៨នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។
លោក Fuentes បាននិយាយថា ការរត់ជាន់គ្នាបានចាប់ផ្តើមកើតឡើង បន្ទាប់ពីទ្វារកីឡដ្ឋានមួយបានដួលរលំ ដែលបណ្តាលឱ្យមនុស្សម្នាប្រមូលផ្តុំគ្នាជា ច្រើន៕
ប្រភព៖ បរទេស