នេះជាលើកដំបូង ដែលលោក Joan Laporta ប្រធានក្លឹប FC Barcelona ចេញមុខដោយផ្ទាល់ និងនិយាយថាក្រុមការងាររបស់លោកបានដាក់សំណើរទិញយកខ្សែប្រយុទ្ធ Robert Lewandowski ពីក្រុម Bayern Munich ហើយ។
Robert Lewandowski ក្រោយពីចប់រដូវកាលមុនទៅ រូបគេបាននិយាយជាសាធារណៈតែម្ដងថានឹងមិនបន្ដលេងនៅ Bayern Munich ទៀតនោះទេ បើទោះជាកុងត្រាមិនទាន់អស់ក៏ដោយ។ មិនត្រឹមតែប៉ុណ្ណឹង ខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញក៏បង្ហើបទៀតថារូបគេចង់ទៅលេងនៅ Camp Nou ជាងទីណាទាំងអស់ ព្រោះចង់ទទួលបទពិសោធនៅអេស្ប៉ាញ។
ជាមួយគ្នានេះដែរ លោក Laporta ប្រធានក្លឹបអ្នកមានបុណ្យក៏អះអាងថាក្រុមការងាររបស់លោកពេញចិត្តចំពោះ Robert Lewandowski ដូចគ្នា។ ដោយឡែកការដេញថ្លៃលើកទី១ក៏បានធ្វើហើយដែរ ប៉ុន្តែមិនទាន់ទទួលបានការតបវិញពីសំណាក់ក្លឹប Bayern Munich នៅឡើយទេ។ លោក បានបញ្ជាក់ទៀតថាពិតជាចង់បានមែន ប៉ុន្តែក្រុមការងាររបស់លោកក៏មិនអាចចំណាយច្រើនលើសកម្រិតបានដែរ៕
ប្រភព ៖ dailymail