ធីប​ចោល Arsenal គ្រូ​ធំ City ថា​បារម្ភ​ខ្លាច​ក្រុម​នេះ​ជាង ខណៈ Raphinha/De Jong បោះ​សម្ដី​បំភ័យ R.Madrid មិន​ស្ទើរ


ធីប​ចោល Arsenal គ្រូ​ធំ City ថា​បារម្ភ​ខ្លាច​ក្រុម​នេះ​ជាង ខណៈ Raphinha/De Jong បោះ​សម្ដី​បំភ័យ R.Madrid មិន​ស្ទើរ
16October-2022
  • Sunday 16 October 2022
  • 10:02 AM

នៅ​យប់​ថ្ងៃ​អាទិត្យ​​នេះ នឹង​មាន​ជំនួប​ពិសេស​ជា​ច្រើន​គូ​ផ្សាយ​បន្ត​ផ្ទាល់​លើ​ទំព័រ CTS SPORT ហើយ​ក្នុង​ចំណោម​នោះ ក៏​ជឿ​ថា​ប្រិយមិត្ត​ប្រាកដ​ជា​ចាប់​អារម្មណ៍​ខ្លាំង ទៅ​លើ​ការ​ប៉ះ​គ្នា​រវាង Liverpool-Man City នៅ​វេលា​ម៉ោង ១០:៣០ នាទី​យប់ និង Real Madrid-Barcelona វេលា​ម៉ោង ០៩:១៥ នាទី​យប់។

ដោយឡែក​មុន​ការ​ប្រកួត​មក​ដល់ ក៏​កើត​មាន​ទាំង​ពាក្យ​សម្តី​សរសើរ និង​បន្លាច​ខាង​គូ​ប្រជែង ជា​ពិសេស​យើង​ភ្ញាក់ផ្អើល​ខ្លាំង​ជាមួយ​នឹង​ការ​លើក​ឡើង​របស់ Raphinha និង Frenkie de Jong។ ជា​ការ​ពិត បើ​ទោះ​បី​ Barcelona កំពុង​ប្រផុតប្រផើយ​កៀក​នឹង​ធ្លាក់​ទៅ Europa League ក៏​កីឡាករ​ប្រេស៊ីល​នៅ​តែ​មាន​ការ​ជឿជាក់ ជា​ពិសេស​ការ​ប៉ះ​គ្នា​នៅ La Liga ដោយ​យក​តែម​ពិន្ទុ​កំពុង​ឈរ​កំពូល​តារាង មក​ព្រមាន Real Marid ជា​មុន។

Raphinha បាន​និយាយ​ថា៖ “ខ្ញុំ​មាន​ការ​បារម្ភ​តិច​ណាស់ អំពី​ជំនួប El Clasico តែ​វា​គ្មាន​អ្វី​គួរ​ឲ្យ​ខ្លាច​ទេ ព្រោះ​យើង​ជា​ក្រុម​ឈរ​កំពូល​តារាង ហើយ​បើ​សួរ​ថា​នរណា​ជា​អ្នក​ត្រូវ​ប្រុង​ប្រយ័ត្ន នោះ​គឺ​ជា Real Madrid យើង​មាន​ការ​ជឿជាក់ យើង​នឹង​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​យក​ជ័យជម្នះ”។

ដោយ​ឡែក​ងាក​ទៅ​ខ្សែ​បម្រើ​សញ្ជាតិ​ហូឡង់ ក៏​បាន​បង្ហាញ​មហិច្ឆតា​បែប​នេះ៖ “ខ្ញុំ​សង្ឃឹម​ថា Barcelona នឹង​អាច​យក​ឈ្នះ Real Madrid ៤-០ ជា​ថ្មី តែ​ប្រកួត​ខាង​មុខ​វា​ពិត​ជា​ពិបាក យ៉ាង​ណា​យើង​ត្រូវ​តែ​បង្ហាញ ថា​យើង​ជា​ក្រុម​ដ៏​ល្អ​មួយ បើ​ទោះ​បី​មាន​ការ​ខក​ចិត្ត​ពេល​ប៉ះ Inter Milan ក៏​យើង​ត្រូវ​ផ្លាស់ប្ដូរ​អារម្មណ៍​ហើយ​ងាក​មក​ផ្តោត​សំខាន់​លើ Clasico ​ពេល​ខាង​មុខ”។

 

គួរ​ឲ្យ​ដឹង​ថា ការ​ជួប​គ្នា​នៅ La Liga រាប់​តាំង​ឆ្នាំ​ ១៩២៩ មក​ទល់​សារ​នេះ គឺ​ជា​ជំនួប​លើក​ទី ១៨៥ ដោយ​ស្ថិតិ​កន្លង​មក ខាង Real Madrid ឈ្នះ​ច្រើន​ជាង មាន ៧៦ លើក ស្មើ ៣៥ លើក ហើយ Barcelona ឈ្នះ ៧៣ លើក។ យើង​ចាប់​អារម្មណ៍​ការ​ប្រកួត​រដូវ​កាល​ចាស់ នៅ​ជើង​ទី ១ ក្នុង​ទឹកដី Camp Nou ខាង​អធិរាជ​ស បាន​យក​ឈ្នះ ១-២ ដល់​តែ​ជើង​ទី​ពីរ នៅ​ទឹកដី Bernabeu បែរ​ចាញ់​ស្ពឹក​មុខ ០-៤ ទៅ​វិញ។

ងាក​ទៅ​មើល​ពិន្ទុ​នៅ​តារាង La Liga គិត​ត្រឹម​ជុំ​ទី ៨ ក្រុម​ទាំង​ពីរ​មាន ២២ ពិន្ទុ​ស្មើ តែ Barcelona ឈរ​លេខ ១ ដោយសារ​មាន​គ្រាប់​បាល់​ចំណេញ​ច្រើន​ជាង ៧ គ្រាប់ ក្រោយ​របូត​តែ ១ គ្រាប់​គត់ កាល​យក​ឈ្នះ Real Sociedad នៅ​ខែ​សីហា។

អំពី​គូ​កក្រើក​នៅ​អង់គ្លេស​ឯ​ណោះ​វិញ លោក Pep Guardiola នៅ​តែ​គិត​ថា Liverpool ទើប​ជា​គូ​ប្រជែង​ពាន Premier League ដ៏​គួរ​ឲ្យ​ខ្លាច​ពិត​ប្រាកដ​សម្រាប់ Man City ពោល​មិនមែន Arsenal ដ្បិត​អី​ក្រុម​លោក Mikel Arteta កំពុង​នាំ​មុខ​មួយ​ពិន្ទុ​នៅ​ចំណាត់ថ្នាក់​កំពូល​តារាង។

គ្រូ​សញ្ជាតិ​អេស្ប៉ាញ​លើក​ឡើង​បែប​នេះ៖ “Liverpool តែងតែ​ជា​គូ​ប្រជែង​ដ៏​ធំ​បំផុត​សម្រាប់​ពួក​យើង​ក្នុង​ការ​ប្រជែង​ពាន​រង្វាន់ ព្រោះ​អី​ខ្ញុំ​ដឹង​ច្បាស់​ពី​គុណភាព​របស់​ពួក​គេ ជាក់ស្ដែង​​ប្រសិន​គម្លាត​ពិន្ទុ​ប៉ុណ្ណេះ ហើយ​សល់​តែ ១០ ជុំ នោះ​ខ្ញុំ​ហ៊ាន​ថា ពួក​គេ​នឹង​មិន​អាច​តាម​យើង​ទាន់ តែ​នេះ​សល់​ច្រើន​ជុំ​ទៀត អ៊ីចឹង​គ្រប់​យ៉ាង​គឺ​ប្រាកដ​ជា​អាច​កើត​ឡើង​មិន​ខាន”។

គិត​ត្រឹម​ជុំ​ទី ៩ សម្រាប់ City ពួក​គេ​មាន ២៣ ពិន្ទុ ឈរ​លេខ ២ នាំ​មុខ​ដល់ ១៣ ពិន្ទុ​ធៀប​នឹង Liverpool ដែល​ឈរ​លេខ ១១ ស្ថិត​នៅ​ជុំ​ទី ៨។ រំឭក​ការ​ជួប​គ្នា​រដូវ​កាល​ចាស់ គឺ​ស្មើ​ទាំង​ពីរ​ជើង ជាមួយ​លទ្ធផល ២-២ តែ​មុន​នេះ នៅ FA Cup និង FA Community Shield គឺ Liverpool ជា​អ្នក​បំបាក់​សំពៅ​មាស City នៅ​លទ្ធផល ៣-២ និង ៣-១៕

ប្រភព៖ បរទេស

Facebook Comments

ព័ត៌មានកីឡាថ្មីៗ