ក្រុម DC United កំពុងទាក់ទងយក Mesut Ozil ទៅលេងនៅអាមេរិក ក្រោយពីកីឡាកររូបនេះកំពុងមានបញ្ហានៅលីគកំពូលអង់គ្លេស ជាមួយក្រុមជើងកាងនៅទីក្រុងឡុង។
DC ទើបតែបាត់បង់ខ្សែប្រយុទ្ធសំខាន់ Rooney ដែលផ្លាស់ទៅដឹកនាំក្រុម Derby County ។ ដូច្នេះពួកគេត្រូវការកម្លាំងសំខាន់ម្នាក់មកវិញ ដើម្បីពង្រឹងក្រុមឱ្យបានល្អ។ ក្នុងជម្រើសរបស់ក្រុមនៅអាមេរិកមួយនេះ ពួកគេបានមើលឃើញ Ozil ជាងគេ ហើយក៏បានបញ្ជូនក្រុមការងារមកចរចាផងដែរ។ ការចរចានេះកើតឡើង ក្រោយពីកីឡាករអាល្លឺម៉ង់កំពុងពិបាករស់នៅអង់គ្លេស ព្រោះទើបមានបញ្ហាជាមួយក្រុមជើងកាងនៅក្រុងឡុង។
គេមិនទាន់អាចបញ្ជាក់យ៉ាងណានោះទេ ព្រោះក្រុម Arsenal ក៏មិនចង់បាត់បង់ខ្សែបម្រើប្រយុទ្ធសំខាន់ម្នាក់នេះដែរ។ ដោយសារតែបញ្ហាជាមួយក្រុមជើងកាងខាងលើ Ozil ខកខានប្រកួត១ប្រកួតមកហើយឱ្យក្រុមកាំភ្លើង ក្នុងការបើកឆាកទល់ក្រុម Newcastle United។ រូបគេទើបតែឃើញចូលហ្វឹកហាត់វិញកាលពីម្សិលមិញប៉ុណ្ណោះ៕