អ្នកគាំទ្រមួយចំនួនប្រហែលជាមិនទាន់ច្បាស់ពីរបៀបកក់សំបុត្រ និងទទួលបានសំបុត្រចូលទស្សនាពិធីបើក-បិទ និងការប្រកួតគ្រប់ប្រភេទកីឡាក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជាទេ។ តាមពិតទៅកម្មវិធីទូរស័ព្ទ ឬ App ដែលបងប្អូនអាចចូលកក់សំបុត្របាននោះ ទាល់តែថ្ងៃទី២៤ ខែមេសានេះទើបរួចរាល់ និងដាក់ឲ្យដំណើរការ។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម (CAMSOC-CAMAPGOC) មានប្រសាសន៍ថា៖
“ក្នុងស៊ីហ្គេមនេះ បងប្អូនចូលទស្សនាដោយឥតគិតថ្លៃ អីចឹងយើងមាន System (ប្រព័ន្ធ) មួយដែលបងប្អូនប្រជាពលរដ្ឋអាចកក់ទៅតាម System ហ្នឹង។ ហើយឆែកយកសំបុត្រតាម System ប៉ុន្តែអត់គិតថ្លៃទេ។ ផ្នែកហ្នឹងខាងគណៈកម្មការប្រកួត គេបានរៀបចំ។ ដូចខាងបាល់ទាត់អីចឹង សហព័ន្ធនឹងឆែកតាមអនឡាញនៅទីតាំងប្រកួត បងប្អូនយកសំបុត្របាន ចូលមើលបានហើយ។ បែបហ្នឹងអត់មានបញ្ហាអ្វីទាំងអស់។ ធ្វើអីចឹងបានគ្រប់គ្រងបាន មានលេខកៅអី មានកន្លែងតំបន់”។
![]()
លោកបន្តថា៖
“ដោយឡែកចំពោះបងប្អូនដែលចង់ចូលទស្សនាពិធីបើក និងពិធីបិទ ទាំងអស់គ្នាទាំង៦ម៉ឺននាក់ សុទ្ធតែអត់មានគិតថ្លៃ ប៉ុន្តែពិធីបើក វាមិនមែនមានតែខ្មែរដូចកីឡាជាតិទេ។ លើកនេះមានបរទេសច្រើន គ្រាន់តែប្រតិភូកីឡាបរទេសជាង១ម៉ឺននាក់ហើយ តែអត្តពលិកភាគច្រើនមិនចូលរួមទេ ដោយសារគេត្រៀមកម្លាំងដើម្បីប្រកួត តែប្រតិភូកីឡាជាង៦ពាន់នាក់។ យើងអញ្ជើញទាំងអស់ គ្រប់ខេត្ត គ្រប់ស្ថាប័ន តែប្រជាពលរដ្ឋនៅភ្នំពេញច្រើនជាង។ បន្ទាប់មកប្រជាពលរដ្ឋនៅខេត្តកណ្តាល កំពង់ស្ពឺ និងកំពង់ឆ្នាំង។ ក្រៅពីហ្នឹងគ្រប់ខេត្តទាំងអស់ដែលក្នុងមួយៗខេត្តមានចំនួន១០០នាក់។
![]()
ចំពោះបងប្អូនខ្មែរនៅក្រៅប្រទេសក៏អាចអញ្ជើញមកទស្សនាពិធីបើក ពិធីបិទបានដែរ ប៉ុន្តែទាល់តែដល់ថ្ងៃទី២៤ ខែមេសាទើប App រួចរាល់។ បងប្អូនអាចចូលពីថ្ងៃទី២៤ មេសានេះបាន។ បងប្អូនគ្រាន់តែចូលកក់សំបុត្រ ហើយមកយកសំបុត្រនៅស្តង់នៅមុខពហុកីឡដ្ឋានជាតិមរតកតេជោចាប់ពីថ្ងៃទី២៤។ បងប្អូនអាចពឹងគ្រួសារនៅខ្មែរ មិត្តភក្តិនៅខ្មែរដើម្បីយកសំបុត្រនៅស្តង់តែម្តង ប៉ុន្តែអ្នកមកពីក្រៅប្រទេសត្រូវបង្ហាញលិខិតឆ្លងដែន និងអាសយដ្ឋានដើម្បីយកសំបុត្របាន តែបើអត់មានបងប្អូននៅខ្មែរ គ្រាន់តែបង្ហាញលិខិតឆ្លងដែន និងសម្រាកនៅឯណា។ យើងត្រៀម៣ពាន់កន្លែងសម្រាប់បងប្អូនខ្មែររស់នៅក្រៅប្រទេស អីចឹងយើងបើកជូនចាប់ពីថ្ងៃទី២៤ ខែមេសា ដល់ថ្ងៃដាច់ខែ”។
ជារួម ការចុះឈ្មោះ និងកក់សំបុត្រតាមរយៈ App គឺអាស្រ័យទៅលើប្រភេទកីឡា ទីកន្លែងការប្រកួត និងកាលបរិច្ឆេទប្រកួត បន្ទាប់មកបងប្អូនទៅយកសំបុត្រនៅមុខទីកន្លែងប្រកួត ដែលសហព័ន្ធ និងគណៈកម្មការរៀបចំការប្រកួតតាមប្រភេទកីឡានីមួយៗត្រួតពិនិត្យ និងផ្តល់ជូនសំបុត្រចូលទស្សនាដោយឥតគិតថ្លៃ។ ការគ្រប់គ្រងបែបនេះដើម្បីការពារសុវត្ថិភាព សន្តិសុខ និងជៀសវាងការប៉ះទង្គិចគ្នារវាងអ្នកគាំទ្ររៀងៗខ្លួន៕
អត្ថបទ៖ កម្ពុជាថ្មី