អនាគតរបស់ខ្សែប្រយុទ្ធ Borja Mayoral ទោះមិនចង់ចេញ ក៏ត្រូវតែបង្ខំចិត្តផ្លាស់ទៅទ្រនំបន្ទាប់ដែរ ក្រោយពីក្លឹបអធិរាជស Real Madrid សម្រេចដាក់តម្លៃខ្លួនមកហើយ។ បញ្ជាក់ឲ្យដឹង សុពលភាពកុងត្រាកីឡាករសញ្ជាតិអេស្ប៉ាញសេសសល់ដល់ចុងខែមិថុនា ឆ្នាំ ២០២៣។
បើតាមសារព័ត៌មាន Marca ចុះផ្សាយថា ក្លឹបដឹកនាំដោយលោក Carlo Ancelotti បានដាក់តម្លៃខ្លួន Mayoral នៅល្បាក់ ១០ លានអឺរ៉ូ តែយ៉ាងណាខណៈនេះ មិនទាន់ឃើញក្លឹបណាបង្ហាញការចាប់អារម្មណ៍នៅឡើយ ដ្បិតអីទីផ្សារដោះដូរ នៅសល់ពេលវេលាបើកទ្វារជាង ២ សប្តាហ៍ទៀតប៉ុណ្ណោះ។
បញ្ជាក់ថា កីឡាករវ័យ ២៥ ឆ្នាំ បានវិវត្តខ្លួនមកកាន់ឈុតធំ Madird នៅរដូវក្តៅឆ្នាំ ២០១៦ តែហាក់មិនរីកចម្រើនទាល់តែសោះ ពោលត្រឹមជាស្រមោល ហើយផ្លាស់ចុះឡើងទៅក្លឹបថ្មី ក្នុងលក្ខខណ្ឌខ្ចីជើងរាប់ភ្លេច។ បើរាប់ពេលវេលាឈរជើងឲ្យក្លឹប Real Madrid បានតែ ៣៣ ប្រកួត រកបាន ៧ គ្រាប់និង Assist ៤ លើក៕
ប្រភព៖ Marca