Manchester City បានត្រឹមប្រកួតស្មើ Tottenham Hotspur ២-២ ប៉ុណ្ណោះក្នុងការប្រកួតពានរង្វាន់ English Premier League កាលពីយប់មិញនេះ។លទ្ធផលស្មើគ្នានេះដែរ ក៏មានការតវ៉ាច្រើនពីការកាត់សេចក្ដីរបស់ VAR ក្នុងប្រកួតនេះដែរ។ ជាពិសេស១គ្រាប់ចុងម៉ោងរបស់ Jesus ដែលស៊ុតចូលទៅហើយ តែបែរជាមិនផ្ដល់ឱ្យទៅវិញ។ លោក Pep ដែលជាអ្នកចាត់ការក្រុម Man City ក៏មិនពេញចិត្តនឹងការសម្រេចនេះ ហើយក៏ចង់ឱ្យ VAR ធ្វើការឱ្យម៉ត់ចត់ជាងនេះផងដែរ។
ដោយឡែក១គ្រាប់របស់ Jesus នេះ សូម្បីតែ Hugo Lloris ក៏គិតថាចូលដែរ។ អ្នកចាំទីបារាំងបាននិយាយថា៖ “បើនិយាយឱ្យស្មោះត្រង់ទៅ ១គ្រាប់របស់ Jesus នោះខ្ញុំគិតថាចូលនិងសមតែឱ្យហើយ។ អាជ្ញាកណ្ដាលបានផ្ដល់បាល់នោះ១០០% ប៉ុន្តែ VAR បានច្រានចោលទៅវិញ វាជាសំណាងអាក្រក់សម្រាប់ City”៕