ពីមុនល្បីក្លឹបអង់គ្លេស ក្លឹបអេស្ប៉ាញ ដល់តែរដូវកាលនេះ គ្រប់គ្នាហាក់ចាប់អារម្មណ៍ និងកំពុងខ្លាចរអាជាមួយក្លឹបមកពីអ៊ីតាលីទៅវិញ ជាក់ស្តែងដូចនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់ UEFA Champions League និង Europa League រដូវកាល ២០២២/២៣ សេសសល់ក្លឹបនៅ Serie A ដល់ទៅ ៤ រួមមាន AC Milan, Inter Milan, Juventus និង AS Roma។
យ៉ាងណាមួយក្នុងចំណោមក្លឹបដូចបានរៀបរាប់ ក៏ជឿថា អ្នកគាំទ្រពិតបានដាក់ចិត្តគិតស្រមៃខ្លាំងបំផុត ទៅដល់ក្លឹប ស្ថិតក្រោមការដឹកនាំដោយអ្នកចាត់ការរហស្សនាម “Special One” គឺ Jose Mourinho បន្ទាប់ការជោគជ័យម្តងហើយម្តងទៀត នេះល្អទាំងក្នុងលីគ ល្អទាំងនៅលំដាប់ពានប្រចាំទ្វីប។ បុរសសញ្ជាតិព័រទុយហ្គាល់ ហាក់ដូចបានដាស់ក្លឹបស្ថិតក្នុងទីក្រុងរ៉ូម ឲ្យភ្ញាក់ពីដំណេក ក្រោយការធ្លាក់ចុះទម្រង់លេង និងប្រជាប្រិយភាពអស់រយៈកាលជាច្រើនឆ្នាំ ដល់តែពេលនេះ Roma បានក្លាយជាក្លឹបដែលគួរឲ្យចងចាំបំផុតក្នុងចិត្តទៅវិញ។
CTS Sports បង្ហាញរឿងរ៉ាវគួរឲ្យចាប់អារម្មណ៍ ៣ ដែល Roma គួរអរគុណជាពិសេស ដល់គ្រូវ័យ ៦០ ឆ្នាំខាងលើ៖
៣) កំណត់ត្រានៅពានរង្វាន់អឺរ៉ុប
បន្ទាប់ចុះហត្ថលេខាមកដឹកនាំនៅរដូវក្តៅ ឆ្នាំ ២០២១ សមិទ្ធផលធំដំបូង Mourinho បានសម្រេច គឺការឈ្នះពាន Europa Conference League នារដូវកាលចាស់ វាក៏ជាពានអឺរ៉ុបលើកទីមួយក្នុងប្រវត្តិសាស្រ្តដែល Roma បានឈ្នះ។
លុះចូលមកដល់រដូវកាលនេះ ក៏ Roma ឈានដល់ ៧៥ ភាគរយ នៃដំណើរឈ្នះពាន Europa League ថែមមួយទៀត ដោយយើងរង់ចាំតែអ៊ុតមើលលទ្ធផលទល់ក្លឹប Bayer Leverkusen ដើម្បីឈានទៅវគ្គចុងក្រោយប៉ុណ្ណោះ។ គួរឲ្យដឹង វាក៏ជាកំណត់ត្រាការដែលអាចឡើងមកវគ្គ ៤ ក្រុមនៅពានអឺរ៉ុប ពីររដូវកាលជាប់គ្នា មិនធ្លាប់កើតមានទាល់តែសោះ។
២) ដឹកបង្ហាញភាពខ្លាំងរបស់កីឡាករ
យើងនិយាយពី Roma ជឿថាអ្នកគាំទ្រចាំតែ ២ ជំនាន់ប៉ុណ្ណោះ នៅកំឡុងពេលជិតពីរទសវត្សចុងក្រោយ ដូចកាល Francesco Totti នៅឈរជើងមុនចូលនិវត្តក្នុងឆ្នាំ ២០១៧ និង Edin Dzeko ចាកចេញនៅឆ្នាំ ២០២១។ ក្រៅពីនោះសួរចុះ តើមានកីឡាករ Roma ណា ដែលធ្វើឲ្យអ្នកគាំទ្រដក់ជាប់ក្នុងអារម្មណ៍បំផុត?
តែវិលមកសម័យកាល Mourinho ដឹកនាំ លោកបានបង្ហាត់បង្ហាញ ច្រានអ្នកមានសមត្ថភាព ទេពកោសល្យ ឲ្យកាន់តែលេចធ្លោ ល្បីរន្ទឺខ្លាំងឡើងនៅភាពជាខ្លួនឯង ជាក់ស្តែងដូចខ្សែប្រយុទ្ធ Paulo Dybala, Tammy Abraham ខ្សែបម្រើ Lorenzo Pellegrini និងខ្សែការពារ Leonardo Spinazzola ជាដើម។
១) បោះជំហានទៅកាន់កៅអី UCL
គិតត្រឹមជុំទី ៣០ Roma កំពុងឈរលេខ ៤ មាន ៥៦ ពិន្ទុ តាមថាត្រូវឈរលេខ ៣ ដ្បិតអី Juventus បានកាត់ ១៥ ពិន្ទុ និងទើបតែសងត្រលប់មកវិញនៅពីរថ្ងៃមុន។ ពាក់ព័ន្ធរឿងកាត់ពិន្ទុនេះដែរ Mourinho ធ្លាប់ត្រូវបានគេដាក់រហស្សនាមជា “គ្រូហោរក្នុងពិភពបាល់ទាត់” ក៏ធ្លាប់បាននិយាយ ដូចដឹងមុនរួចមកហើយថា ១៥ ពិន្ទុរបស់សេះបង្កង់ ពិតណាស់នឹងអាចទទួលបានត្រលប់មកវិញ ហើយមិនអាចឲ្យ Roma ឈរលេខ ៣ ស្រួលៗឡើយ។
កាលថ្ងៃទី ០៨ មេសា Mourinho បានលើកឡើង៖ “តើអ្នកប្រាកដទេថា Roma នឹងអាចឈរលេខ ៣ ជឿដែរហីថា Juventus អត់អាចមាន ៥៩ ពិន្ទុនោះ ខ្ញុំចង់មានន័យថា នេះយើងកំពុងស្ថិតក្នុងទឹកដីអ៊ីតាលី”។
លុះដល់ថ្ងៃទី ២០ មេសា ឥតខុសដូចការលើកឡើង គឺ Juventus បានពិន្ទុមកវិញមែន ហើយ Mourihno ក៏លើកឡើង៖ “ខ្ញុំដឹងមុនទៅហើយថា ១៥ ពិន្ទុរបស់ពួកគេ នឹងត្រូវបានសងតាំងពីបីខែមុន នេះខ្ញុំដឹកនាំក្លឹបនៅអ៊ីតាលីសរុបមក ៤ ឆ្នាំហើយ មិនមែនទើបតែមកទីនេះ ៤ ថ្ងៃទេ”។
ទោះជាយ៉ាងណា ក៏ Roma នៅតែរក្សាក្តីសង្ឃឹមអាចឈោងបានកៅអី UCL សម្រាប់រដូវកាលបន្ទាប់ រួចបើដូចការព្យាករណ៍ទុក នោះក៏មានន័យ ថា Mourinho គឺជាអ្នកស្រោចស្រង់ទាញក្លឹបមកកាន់ពានលំដាប់ទីមួយសារជាថ្មី ក្រោយខកខានតាំងរដូវកាល ២០១៨/១៩។ ចុះស្រមៃទៅមើលបើរដូវកាលនេះ ឈ្នះ Europa League ទៀត ហើយរដូវកាលក្រោយបានលេង Champions League តើពិសេសយ៉ាងណាទៅ?