ជាមួយការផ្ទេរទៅចូលរួមនៅក្របខ័ណ្ឌ Premier League សារជាថ្មី ក្រោមការដឹកនាំរបស់លោក Steven Gerrard នៅក្លឹប Aston Villa ទៅមើលខ្សែបម្រើ Philippe Coutinho ពិតជាធ្វើបានល្អខ្លាំង ដោយ ៣ ប្រកួត អាចរកបានដល់ទៅ ២ គ្រាប់និង Assist ២ លើក។
សុពលភាពកុងត្រាខ្ចីជើង ដែលក្លឹបអង់គ្លេស ជជែកជាមួយក្លឹបអ្នកមានបុណ្យ Barcelona គឺនឹងត្រូវផុតនៅចុងខែមិថុនា ឆ្នាំ ២០២២ តែយ៉ាងណាក្លឹបក៏អាចជានឹងចរចាទិញផ្តាច់កុងត្រាផងដែរ ព្រោះអីជឿថា កីឡាករផ្ទាល់ បើជោគជ័យប៉ុណ្ណេះហើយ គេក៏មិនចង់វិលត្រលប់ទៅទ្រនំចាស់វិញដែរ។
តាមសារព័ត៌មាន Birmingham Live ចុះផ្សាយថា ក្លឹប Aston Villa ទំនងជានឹងអាចទិញផ្តាច់កុងត្រា Coutinho ត្រឹមតម្លៃទាប តែ ៣៣ លានផោនប៉ុណ្ណោះ។ តម្លៃល្អបំផុត អាចចន្លោះពី ២៥ ទៅ ៣០ លានផោន ក៏ជឿថា Barcelona នឹងយល់ព្រមដែរ ព្រោះអីកុងត្រាកីឡាករប្រេស៊ីលត្រូវផុតនៅឆ្នាំចុងក្រោយ ហើយឥឡូវក្លឹបកំពុងត្រូវការលុយ ដើម្បីចំណាយផ្សេងៗផង៕
ប្រភព៖ Birmingham Live