ខ្សែប្រយុទ្ធ Robert Lewandoski មិនព្រមទៅចូលរួមជាមួយក្រុមតោខៀវ Chelsea នោះទេ ដោយរូបគេចង់ទៅលេងបន្ដនៅក្លឹប FC Barcelona តែមួយប៉ុណ្ណោះ។
Lewandoski បានប្រកាសចង់ចាកចេញពីក្រុម Bayern Munich ផ្ទាល់តែម្ដង ក្រោយពីរូបគេបញ្ជាក់ថាមិនចង់លេងនៅអាល្លឺម៉ង់ទៀតទេ។ លើសពីនេះទៅទៀត កីឡាករប៉ូឡូញរូបនេះ ថែមទាំងបង្ហើបទៀតថារូបគេចង់លេងឱ្យក្រុម FC Barcelona សម្រាប់ក្លឹបបន្ទាប់។ ការអះអាងបែបនេះ ក៏ព្រោះតែអតីតខ្សែប្រយុទ្ធក្លឹប Dortmund រូបនេះថាវាជាក្ដីស្រមៃរបស់គេក្នុងការបង្ហាញខ្លួននៅ Camp Nou ។
ដោយសារតែមានចិត្តចង់បែបនេះហើយ ទើបបានជាពេលកន្លងទៅ កីឡាករវ័យ៣៣ឆ្នាំបដិសេធសំណើរពីក្រុម Chelsea ទៅហើយ។ លោក Thomas Tuchel មើលឃើញរូបគេជាខ្សែប្រយុទ្ធកណ្ដាលល្អណាស់ ដែលអាចនឹងមកជំនួស Lukaku បាន។ តែសោកស្ដាយ សាមីខ្លួនមិនព្រមមកលេងឱ្យនោះទេ៕ ប្រភព ៖ dailymail