លោក Marco Rose បានចូលខ្លួនដឹកនាំក្រុម Leipzig នៅប្រកួតដំបូងទល់ក្រុម Dortmund ហើយលទ្ធផលវិញក៏ឃើញថាទទួលបានផលល្អដែរ យកឈ្នះក្នុងលទ្ធផល ៣-០ ឯណោះ។
Rose ត្រូវបានក្លឹប Leipzig ប្រកាសឱ្យឡើងកាន់តំណែងអ្នកចាត់ការក្រុមជំនួសលោក Domenico Tedesco ដែលដឹកនាំមិនបានល្អនៅក្របខណ្ឌ UEFA Champions League នាដើមសប្ដាហ៍នេះ។ យ៉ាងណាមិញ ការចូលមកដឹកនាំក្រុមសម្រាប់ប្រកួតដំបូងក្នុងលីគនៅយប់មិញ ឃើញថាធ្វើបានល្អណាស់ ពោលគឺលត់ក្រុម Dortmund បានដល់ទៅ ៣-០ ឯណោះ។ ជាមួយលទ្ធផលនេះ ក្រុម Leipzig នឹងមានទំនុកចិត្តខ្ពស់ឡើងវិញ ព្រោះសប្ដាហ៍ក្រោយពួកគេត្រូវលេងពានរង្វាន់ Champions League សប្ដាហ៍ទី២ហើយ។
ដោយក្រុមដែលត្រូវប៉ះនៅសប្ដាហ៍ទី២ក្នុងពានរង្វាន់ UEFA Champions League នោះគឺ Real Madrid របស់អេស្ប៉ាញ។ ការប្រកួតនេះទៀតសោត ក្រុម Leipzig ត្រូវការពិន្ទុជាចាំបាច់ ព្រោះកាលពីប្រកួតសប្ដាហ៍ទី១កន្លងទៅ ពួកគេបានចាញ់ក្រុម Shakhtar Donetsk ក្នុងលទ្ធផល ៤-១ រួចទៅហើយ៕