ការជជែកពិភាក្សាពី Darwin Nunez ដែលអាចនឹងចាកចេញពី Liverpool នៅរដូវក្តៅនេះនៅតែបន្តកើនឡើង បន្ទាប់ខ្សែប្រយុទ្ធរូបនេះបានផ្តល់តម្រុយថាវានឹងកើតឡើងដោយការលុបរូបថតទាំងអស់ដែលទាក់ទងនឹង Liverpool របស់គាត់នៅលើ Instagram ។
ខ្សែប្រយុទ្ធដែលមានតម្លៃ ៨៥លានផោនបានធ្លាក់ទម្រង់លេងយ៉ាងខ្លាំង ហើយការរិះគន់បានកើនឡើងជុំវិញការខ្ជះខ្ជាយរបស់គេចំពោះការរកគ្រាប់បាល់។ ការអត់ធ្មត់របស់អ្នកគាំទ្រហង្សក្រហមជាមួយនឹងខ្សែប្រយុទ្ធរូបនេះហាក់ដូចជាទ្រាំលែងបានហើយ ខណៈដែលក្តីសង្ឃឹមរបស់ពួកគេក្នុងការផ្តល់ឱ្យលោក Jurgen Klopp បញ្ចប់នៅបញ្ហានេះឱ្យបានឆាប់។ មានការរំពឹងទុកថា Liverpool អាចនឹងស្វែងរកការផ្លាស់ប្តូរ Nunez នៅរដូវក្តៅខាងមុខ ហើយ Nunez ក៏បានជំរុញរឿងនេះជាមួយនឹងការផ្លាស់ប្តូរចុងក្រោយរបស់គាត់ផងដែរ។ កីឡាករជម្រើសជាតិអ៊ុយរូហ្គាយបានលុបរូបភាពដែលខ្លួនកំពុងលេងឱ្យ Liverpool នៅលើទំព័រ Instagram ផ្លូវការរបស់គាត់ចោលទាំងអស់។ អ្វីដែលនៅសល់គឺជារូបភាពគ្រួសារ និងរូបថតរបស់គាត់លេងឲ្យ Benfica និង Uruguay។ Barcelona ត្រូវបានគេរាយការណ៍ថាបានកំណត់យក Nunez ជាអ្នកស្នងតំណែងដ៏មានសក្តានុពលរបស់ Robert Lewandowski ។ ខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញដ៏ល្បីល្បាញបានស៊ុតបាល់ប៉េណាល់ទីក្នុងតង់ទីមួយកាលពីថ្ងៃសៅរ៍ ខណៈដែលក្រុមរបស់ Xavi បានរងបរាជ័យធ្ងន់ធ្ងរក្នុងលទ្ធផល ៤-២ ទល់នឹង Girona នៅកីឡដ្ឋាន Estadi Montilivi។ ការបរាជ័យក្នុងការទទួលបានបីពិន្ទុបានធ្វើឱ្យ Real Madrid គ្រងតំណែងជើងឯក LaLiga សម្រាប់ការបន្តកំណត់ត្រាជាលើកទី៣៦ ហើយរបាយការណ៍បានបង្ហាញថា Xavi កំពុងរៀបចំផែនការសម្រាប់ការកសាងឡើងវិញនៅរដូវក្តៅបន្ទាប់ពីមិនអាចការពារតំណែងជើងឯក Laliga បាន។
យោងតាមរបាយការណ៍របស់ The Sun បានឱ្យដឹងថា Barca មានអារម្មណ៍ថា Nunez មានសមត្ថភាពអាចពាក់អាវលេខ៩ ជំនួស Lewandowski បាន ហើយត្រៀមខ្លួនដើម្បីឆ្លើយតបនឹងតម្លៃដែល Liverpool ចង់បានសម្រាប់ខ្សែប្រយុទ្ធអ៊ុយរូហ្គាយរូបនេះ។ Nunez គឺជាកីឡាករដែលទទួលបានប្រាក់ខែខ្ពស់បំផុតមូយនៅ Anfield ប៉ុន្តែប្រាក់ឈ្នួលរបស់គាត់ត្រូវបានគេរាយការណ៍ថាមានប្រហែល ១៤០,០០០ផោន ក្នុងមួយសប្តាហ៍ – ដែលនៅតែទាបជាងអ្វីដែល Lewandowski កំពុងរកបាននៅ Bareclona នាពេលបច្ចុប្បន្ននេះ។
ប្រភព : The Sun