បន្ទាប់ពីការប្រកួតបើកឆាកជាមួយជម្រើសជាតិកាណាដា ក្នុងពានរង្វាន់ Copa America ២០២៤ កាលពីព្រឹកថ្ងៃទី២១ (ម៉ោងនៅកម្ពុជា) Messi បានបង្កើតកំណត់ត្រាដោយមិនដឹងខ្លួន ខណៈដែលមានកំណត់ត្រាខ្លះគាត់បំបែកដោយខ្លួនឯងកំពុងកាន់កាប់ផ្ទាល់ទៀតផង។
កំណត់ត្រាដែលអតីតវិរៈបុរសក្លឹប Barcelona បានបង្កើតនោះគឺការបង្ហាញខ្លួនច្រើនជាងគេក្នុងប្រវត្តិសាស្ត្រពានរង្វាន់ CONMEBOL Copa América ជាមួយនឹង ៣៥ប្រកួត។ គាត់ក៏មានគ្រាប់បាល់បញ្ចូលទីច្រើនជាងគេក្នុងការប្រកួតអន្តរជាតិធំៗផងដែរ ដោយស៊ុតបញ្ចូលទីបាន ២៦គ្រាប់ និង ២៨បញ្ជូនបាល់ (Assists) (៥៤ G/A) ក្នុង World Cup និង Copa América។
មិនទាន់អស់នៅឡើយទេ Messi ក៏មានកំណត់ត្រាក្នុងការបញ្ជូនបាល់ (Assists) ផ្លូវការច្រើនបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ផងដែរ ដោយមានការបញ្ជូនបាល់ (Assists) ៣៧៣ ដង នៅគ្រប់ការប្រកួតទាំងអស់សម្រាប់ក្លឹប និងប្រទេស ដែលកំណត់ត្រាមួយនេះគាត់បានបំបែកកំណត់ត្រាខ្លួនឯង ដោយគាត់បានកាន់កាប់អស់រយៈពេលជាយូរណាស់មកហើយ ពោលគឺតាំងពីគាត់លេងនៅ Barcelona មកម្ល៉េះ។
ជាការពិតណាស់កីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះ បានក្លាយជាកីឡាករដំបូងគេក្នុងប្រវត្តិសាស្ត្រ Copa Amèrica ដែលផ្តល់ការបញ្ជូនបាល់ (Assists) យ៉ាងហោចណាស់ ១ដងក្នុងការប្រកួត ៧លើក។ យ៉ាងណាមិញមិនទាន់អស់នៅឡើយទេ បើសិនណា Messi អាចបន្ដរកគ្រាប់បាល់បន្ថែមទៀតនៅក្នុងព្រឹត្តិការណ៍ Copa America ២០២៤ នៅការប្រកួតខាងមុខទៀតនោះ គាត់នឹងមានកំណត់ត្រាថ្មីបន្ថែមទៀតទាំងដែលគាត់ធ្លាប់និយាយថា៖
“ខ្ញុំមិនដែលខ្វល់ពីកំណត់ត្រាឡើយ សំខាន់គឺក្រុមទាំងមូលទទួលបានជ័យជម្នះ”។
តែនេះវាច្បាស់ណាស់ កំណត់ត្រាជាច្រើនកំពុងតែតាមខ្វល់ពីគាត់ ដែលយ៉ាងហោចណាស់មិនក្រោមពីរខ្ទង់ទៀតឡើយមុនគាត់ចូលនិវត្តន៍ពីបាល់ទាត់នាពេលខាងមុខដ៏ខ្លី។
ប្រភព បរទេស