ក្លឹបយក្សអ៊ីតាលីត្រូវបានគេមើលឃើញថាកំពុងចាប់អារម្មណ៍លើ Christian Eriksen របស់ក្លឹប Tottenham ប៉ុន្តែមិនទាន់ចង់ចាយលុយធំនារដូវក្តៅឆ្នាំ ២០១៩ នេះឡើយ ផ្ទុយទៅវិញខ្លួននឹងប្រើយុទ្ធសាស្រ្តចាស់ចូលចែចូវនៅពេលដែលសាមីខ្លួនផុតកុងត្រាក្នុងឆ្នាំ ២០២០ ខាងមុខ។
Eriksen នឹងក្លាយជាកីឡាករឈរជើងឥតតម្លៃខ្លួននៅឆ្នាំបន្ទាប់ ប្រសិនគ្មានការបន្តកុងត្រាថ្មីជាមួយមាន់ខ្នាយមាស។ ដំណឹងចុងក្រោយល្ហិចល្ហៀងថាក្លឹបបានផ្តល់ជូនសំណើបន្តកុងត្រា លើប្រាក់ពលកម្មប្រមាណ ២០០ ០០០ ផោន/សប្តាហ៍ លើសពីប្រាក់ឈ្នួលសព្វថ្ងៃជាង ៨០ ០០០ ផោនដើម្បីចងជើងឲ្យរូបគេបន្តនៅអង់គ្លេស។
ប៉ុន្តែសម្រាប់ចម្លើយកីឡាករដាណឺម៉ាកផ្តល់ជូន មិនទាន់បានបង្ហើបប្រាប់នៅឡើយ ខណៈដែលកាលពីអតីតកាលលោកធ្លាប់និយាយដល់ផ្លូវបែក ប៉ុន្តែគ្រានោះចង់ផ្លាស់ទៅទ្រនំ Real Madrid គ្រាន់ថាមកទល់សព្វថ្ងៃភាគរយគឺស្ថិតនៅទាបបំផុត។