លោក Pep Guardiola រំពឹងថាក្រុម Manchester City នឹងយកបានខ្សែប្រយុទ្ធ Erling Haaland មករួមក្រុមនៅរដូវកាលក្រោយមិនខាន ក្រោយពីដាក់គោលដៅគេជាជម្រើសទី១ដែលត្រូវទិញ។
Man City បានបន្ដកុងត្រាថ្មីដល់កីឡាករល្អៗក្នុងក្រុមជាច្រើន ជាក់ស្ដែងនៅចុងក្រោយនេះទើបតែបានបន្ដកុងត្រាដល់ខ្សែការពារ Joao Cancelo ដល់ឆ្នាំ២០២៥ទៀត។ សម្រាប់ផែនការនៅរដូវកាលក្រោយវិញ លោក Pep បានដាក់គោលដៅធំតែម្ដង ដើម្បីយកខ្សែប្រយុទ្ធ Haaland មករួមក្រុម។ កីឡាករឆ្នើមរបស់ក្រុម Dortmund នេះ មានក្លឹបច្រើនណាស់ចង់បាន ដូច្នេះហើយក្រុម Man City នឹងត្រូវធ្វើការច្រើនមិនខានដើម្បីយករូបគេ។
ដោយក្រៅពីក្រុម Man City នេះទៅ នៅមានក្រុម Real Madrid និង Barcelona ជាដើម ក៏កំពុងតាមទិញកីឡាករវ័យក្មេងរបស់សញ្ជាតិន័រវែសដែរ។ តម្លៃខ្លួនរបស់គេក្រោយចប់រដូវកាលនេះ នៅសល់ត្រឹមជាង៦០លានផោនប៉ុណ្ណោះ ដែលសមល្មមខ្លាំងសម្រាប់ក្រុមដទៃដើម្បីចរចាទិញយក៕ ប្រភព៖ DailyMail