ខ្សែការពារ Gerard Pique បានបញ្ជាក់ថាសមាជិកក្រុម Barcelona ទាំងអស់ ពេញចិត្តប្រសិនបើខ្សែប្រយុទ្ធ Neymar ត្រលប់មករួមក្រុមវិញបាននៅរដូវកាលនេះ។
ក្រុមការងារ Barcelona កំពុងស្នាក់នៅទីក្រុងប៉ារីសដើម្បីចរចាជាមួយក្រុម PSG រឿងផ្ទេរកីឡាករ Neymar ឱ្យបាននៅមុនថ្ងៃបិទទីផ្សារដោះដូរកីឡាករនៅថ្ងៃទី២ដើមខែក្រោយនេះ។ ជាមួយដំណើរការផ្ទេរកំពុងធ្វើឡើង Gerard Pique ខ្សែការពាររបស់ក្រុមអ្នកមានបុណ្យថាសមាជិកក្រុមទាំងអស់ពេលនេះកំពុងរង់ចាំដំណឹងល្អរបស់ Neymar ត្រលប់មកអេស្ប៉ាញវិញហើយ។
អតីតកីឡាករ Man Utd ខាងលើបាននិយាយថា៖ “ច្បាស់ណាស់ យើងចង់ឱ្យគាត់ត្រលប់មកវិញ។ តែនេះមិនមែនជាអ្វីដែលយើងអាចគ្រប់គ្រងសម្រេចបានទេ។ យើងឱ្យរឿងនេះទៅលើមនុស្សដែលអាចសម្រេចវាឡើងបាន។ យើងគ្រាន់តែរង់ចាំមើលលទ្ធផលជាក់ស្ដែងបន្ដទៀត”៕ប្រភព៖ Marca