ច្បាប់ថ្មី រូបមន្តថ្មីសុទ្ធសាធក្នុងការប្រកួតពានរង្វាន់ UEFA Champions League រដូវកាលក្រោយ ២០២៤/២៥ ដែលដំឡើងពីបច្ចុប្បន្នភាពមាន ៣២ ក្លឹបចូលរួម ថែមដល់ទៅ ៣៦ ក្លឹប។ ទាំងរូបមន្តនៃការប្រកួត ទាំងរូបមន្តនៃការជ្រើសរើសក្លឹបចូលរួម ក្រោមការសម្រេចរបស់សមាគមបាល់ទាត់អឺរ៉ុប បានមានការកែប្រែមួយចំនួនធំផងដែរ ជារួមយើងអាចនិយាយថា ២០២៣/២៤ ជា UCL រដូវកាលចុងក្រោយ ដែលយើងធ្លាប់និយមទស្សនារសជាតិបែបនេះអស់រាប់សិបឆ្នាំ ត្រូវវិវត្តទៅក្នុងរជ្ជកាលថ្មីនាឆ្នាំបន្ទាប់។ កៅអីទាំង ៣៦ ផ្តល់ជូនមានដូចតទៅនេះ៖
ម្ចាស់ជើងឯក UCL រដូវកាលចាស់ ១ កៅអី
ម្ចាស់ជើងឯក UEL រដូវកាលចាស់ ១ កៅអី
សមាគមបាល់ទាត់នៃប្រទេស ២ ដែលមានពិន្ទុ Coefficients ខ្ពស់ដាច់គេនារដូវកាលចាស់ នឹងទទួលបាន ១ កៅអីបន្ថែមរៀងគ្នា
ម្ចាស់ជើងឯកលីគកំពូល នៃសមាគមបាល់ទាត់តាមចំណាត់ថ្នាក់ Country Coefficients Ranking ពី ១ ដល់ ១០
ជើងឯករងឬក្លឹបឈរលេខ ២ នៃសមាគមបាល់ទាត់តាមចំណាត់ថ្នាក់ Country Coefficients Rankingពី ១ ដល់ ៦
ក្លឹបឈរលេខ ៣ នៃសមាគមបាល់ទាត់តាមចំណាត់ថ្នាក់ Country Coefficients Rankingពី ១ ដល់ ៥
ក្លឹបឈរលេខ ៤ នៃសមាគមបាល់ទាត់តាមចំណាត់ថ្នាក់ Country Coefficients Rankingពី ១ ដល់ ៤ (បូកបញ្ចូលពិន្ទុសរុប ៥ រដូវកាលចុងក្រោយ) ដូចរៀបរាប់ ២៩ ក្លឹបទទួលបានកៅអី Direct ទៅ UCL រដូវកាលបន្ទាប់
ក្លឹបទាំង ៥ ឈ្នះពីវគ្គជម្រុះ Play-off (Champions Path)
ក្លឹបទាំង ២ ឈ្នះពីវគ្គជម្រុះ Play-off (League Path) ដូចរៀបរាប់ ៧ ក្លឹបទទួលបានកៅអីតាមរយៈវគ្គជម្រុះបឋមច្រើនតង់នៅរដូវកាលចាស់ ដើម្បីបានកៅអីឡើងមក UCL រដូវកាលបន្ទាប់
ស្តាប់ទៅវាមិនស្មុគស្មាញនឹងយល់អីនោះទេ បើអ្នកស្គាល់ច្បាស់ តើអ្វីទៅជា Country Coefficients Ranking ឬគេហៅបានថា Association club coefficients ranking ដែលជាការចាត់ចំណាត់ថ្នាក់និងទទួលស្គាល់ចេញពីគេហទំព័រផ្លូវការរបស់ UEFA ផ្ទាល់តែម្តង។ បច្ចុប្បន្នក្របខ័ណ្ឌកំពូលអង់គ្លេសឈរលេខរៀងទី ១ អេស្ប៉ាញលេខ ២ អ៊ីតាលីលេខ ៣ អាល្លឺម៉ង់លេខ ៤ និងបារាំងលេខ ៥ ដែលនេះគេគណនាផ្អែកតាមពិន្ទុនៃ ៥ រដូវកាលចុងក្រោយ។ បូកចុះឡើងគេយកទៅអនុវត្តលើកៅអីទាំង ២៥ ដែលបានបែងចែក ពីក្លឹបឈ្នះជើងឯក ដល់ក្លឹបឈរលេខ ៤ ប្រចាំលីគនីមួយៗ។
តែសំណួរចាក់ដោតធំបំផុតនិងប្លែកពីរដូវកាលមុនៗ គឺត្រង់កៅអីបន្ថែម ២ ដែលទើបសម្រេចផ្លូវការ ផ្តល់ជូនទៅកាន់លីគអ៊ីតាលី Serie A និងអាល្លឺម៉ង់ Bundesliga ដែលប្រកាសកន្លងទៅថ្មីថ្មោង នៅមានបងប្អូនយើងជាច្រើនមិនអស់ចិត្ត ហើយសួរថា ចុះម៉េចគេមិនផ្តល់ឲ្យ Premier League ឬ La Liga ព្រោះបើមើលពីក្រៅ សមតែជាលីគពីរនោះ ដ្បិតបណ្តុំសុទ្ធតែគីឡូក្លឹបយក្សប្រចាំតំបន់អឺរ៉ុប។
ចម្លើយគឺត្រង់៖ UEFA បានសម្រេចអនុវត្តដើររូបមន្តបូកពិន្ទុសមិទ្ធផលក្លឹបមានឈ្មោះចូលរួមទាំងអស់ប្រចាំលីគនីមួយៗនៅរដូវកាល ២០២៣/២៤ ហើយខាងណាបានខ្ពស់ដាច់គេបង្អស់ នឹងបន្ថែម ១ កៅអីជូន។
ការអនុវត្តលក្ខខណ្ឌដាក់ពិន្ទុជារួម គិតតាំងពីវគ្គចែកពូលទៅ ដូចការឈ្នះទទួលបាន ២ ពិន្ទុ ស្មើបាន ១ ពិន្ទុ និងចាញ់បាន ០ ពិន្ទុ។
វាត្រូវបានអនុវត្តដោយបន្ថែមពិន្ទុដូចតទៅ៖
លក្ខខណ្ឌឲ្យពិន្ទុនៅ Champions League
៤ ពិន្ទុ សម្រាប់ក្លឹបមានឈ្មោះចូលរួមវគ្គចែកពូល
៥ ពិន្ទុ សម្រាប់ក្លឹបឡើងដល់វគ្គ ១៦ ក្រុម
១ ពិន្ទុ សម្រាប់ក្លឹបឡើងដល់វគ្គ ៨ ក្រុម ៤ ក្រុម និងផ្តាច់ព្រ័ត្រ
លក្ខខណ្ឌឲ្យពិន្ទុនៅ Europa League
៤ ពិន្ទុ សម្រាប់ក្លឹបឈរលេខមួយនៅវគ្គចែកពូល
២ ពិន្ទុ សម្រាប់ក្លឹបឈរលេខពីរនៅវគ្គចែកពូល
១ ពិន្ទុ សម្រាប់ក្លឹបឡើងដល់វគ្គ ១៦ ក្រុម ៨ ក្រុម ៤ ក្រុម និងផ្តាច់ព្រ័ត្រ
លក្ខខណ្ឌឲ្យពិន្ទុនៅ Europa Conference League
២ ពិន្ទុ សម្រាប់ក្លឹបឈរលេខមួយនៅវគ្គចែកពូល
១ ពិន្ទុ សម្រាប់ក្លឹបឈរលេខពីរនៅវគ្គចែកពូល
១ ពិន្ទុ សម្រាប់ក្លឹបឡើងដល់វគ្គ ៤ ក្រុម និងផ្តាច់ព្រ័ត្រ
ឧទាហរណ៍៖ Bayern Munich ពួកគេឈ្នះ ៥ ស្មើ ១ នាំឲ្យទទួលបាន ១១ ពិន្ទុ បូក ៤ ពិន្ទុបន្ថែមពីការមានឈ្មោះចូលរួមនៅវគ្គចែកពូលសរុប ១៥ ពិន្ទុ។ នេះបូកពិន្ទុឈ្នះ ចាញ់ ស្មើ បន្ថែមនឹង Bonus Points បានឡើងទៅវគ្គ ១៦ ក្រុម, ៨ ក្រុម និង ៤ ក្រុមទៀត សរុបបានដល់ ២៨ ពិន្ទុ អ៊ីចឹងត្រឹមឈ្មោះ Bayern មួយ រកបាន ២៨ ពិន្ទុបណ្ដោះអាសន្នជូនទៅសមាគមបាល់ទាត់អាល្លឺម៉ង់។ គេក៏នឹងបូកពិន្ទុនៃក្លឹប ៦ ផ្សេងទៀតប្រចាំ Bundesliga ដែលមានឈ្មោះមកចូលរួមពានអឺរ៉ុបរដូវកាល ២០២៣/២៤ ហើយសរុបឃើញប៉ុន្មានយកមកចែកនៃចំនួនក្លឹបចូលរួមនោះគឺចំនួន ៧ ដូចបណ្ដោះអាសន្នសរុបមាន ១៨,៣៥៧ ពិន្ទុ ឈរលេខរៀងទី ២ និងអ៊ីតាលីមាន ១៩,៤២៨ ពិន្ទុឈរលេខរៀងទី ១។
ហេតុផលដូចបានឃើញនៅនឹងភ្នែក គឺក្លឹបមកពីអាល្លឺម៉ង់ ដូចគ្នានឹងអ៊ីតាលី ធ្វើបានល្អច្រើនតាំងវគ្គចែកពូលមកដល់វគ្គកៀកបញ្ចប់ ដូចពានលំដាប់មួយ UCL មាន Dortmund/Bayern Munich ហើយពានលំដាប់ពីរមាន Bayer Leverkusen, Atalanta/AS Roma និងពានលំដាប់បីមាន Fiorentina ជាដើម ធៀបនឹងក្លឹបអង់គ្លេសធ្លាក់អស់សល់តែ Aston Villa មួយប៉ុណ្ណោះឯង។
ចុងក្រោយបង្ហាញ ៥ កៅអីផ្តល់ជូននៅ UCL រដូវកាលក្រោយសម្រាប់ខាងអាល្លឺម៉ង់ មាន Bayer Leverkusen, Bayern Munich, VfB Stuttgart, RB Leipzig និង Borussia Dortmund ហើយនៅអ៊ីតាលីមាន Inter Milan, AC Milan ដែលធានាកៅអី រីឯ ៣ ទៀតអាចជា Juventus, Bologna, AS Roma, Atalanta ឬ Lazio ជាដើម៕
ប្រភព៖ បរទេស