ក្លឹបតោខៀវ Chelsea កាន់តែកៀកជិតនឹងការផ្ទេរចេញខ្សែប្រយុទ្ធ Timo Werner តែមិនមែនផ្តល់ឲ្យក្លឹប Real Madrid ឬក្លឹបរួមលីគ Newcastle United នោះទេ ផ្ទុយទៅវិញជាអតីតក្លឹបចាស់របស់កីឡាករអាល្លឺម៉ង់ នោះគឺ RB Leipzig។
តាមចចាមអារ៉ាមកីឡាករបានចរចាត្រូវរ៉ូវអស់ហើយ ដោយជ្រើសយក Leipzig ហើយការផ្ទេរប្រហែលមិនមែនខ្ចីជើង ដូចករណី Romelu Lukaku ឡើយ ពោលទំនងជាទិញយកពេញថ្លៃ គ្រាន់ទំហំខាតបង់របស់ Chelsea តិចច្រើនបែបណា យើងនឹងរង់ចាំមើលនៅពេលបន្ទាប់។
ពិតណាស់ Werner កាលនៅ Leipzig ធ្វើបានល្អខ្លាំង ដល់រកបាន ៩០ គ្រាប់និង Assist ៤០ លើក នៅ ១៥៦ ប្រកួត រីឯការលេងឲ្យ Chelsea ឈរជើង ៨៩ ប្រកួតដែរ តែរកបានត្រឹម ២៣ គ្រាប់និង Assist ២១ លើកប៉ុណ្ណោះ។ ទន្ទឹមកុងត្រាសេសសល់ដល់ចុងខែមិថុនា ឆ្នាំ ២០២៥ ក៏នាំឲ្យហាងឆេងតម្លៃខ្លួន អាចធ្លាក់មកត្រឹម ៣៥ លានអឺរ៉ូ ប្រហែលអាចឲ្យ Chelsea ខាតជិតមួយទ្វេជា ២៕
ប្រភព៖ BeSoccer