លោក Brendan Rodgers ជឿជាក់ថាខ្សែប្រយុទ្ធ Vardy របស់ខ្លួន នឹងមិនទៅលេងឱ្យក្រុមជម្រើសជាតិអង់គ្លេសវិញទៀត។
Harry Kane បានរងរបួសត្រូវសម្រាកយ៉ាងតិច៣ខែឯណោះ។ ដូច្នេះហើយជម្រើសជាតិអង់គ្លេស នឹងត្រូវស្វែងរកខ្សែប្រយុទ្ធកណ្ដាលមកជំនួសកន្លែងនេះ។ ប្រភពមួយចំនួនគិតថា Vardy ដែលធ្លាប់លេងនៅតំបន់នេះ គឺជាបេក្ខភាពសក្ដិសមបំផុតហើយសម្រាប់ចូលខ្លួនជំនួស។ ត្បិតអីរូបគេក៏ធ្លាប់លេងបានល្អជាមួយសមាជិកក្រុមដទៃទៀតដែរ។
តែកាលពីដើមឆ្នាំ២០១៩កន្លងទៅ ខ្សែប្រយុទ្ធក្រុម Leicester City នេះ បានប្រាប់ទៅលោក Gareth Southgate ថាខ្លួនសុំដកថយបន្តិចពីក្រុមជម្រើសជាតិ ហើយត្រលប់ចូលវិញនៅពេលណាដែលក្រុមត្រូវការខ្លាំង ឬកីឡាករសំខាន់របួសច្រើនប៉ុណ្ណោះ។
ជាមួយនឹងសម្ដីនេះ លោក Rogders ដែលជាអ្នកចាត់ការក្រុម Leicester City ជឿជាក់ថា របួសរបស់ Kane មិនអាចធ្វើឱ្យ Vardy កែប្រែចិត្តទៅលេងនៅជម្រើសជាតិអង់គ្លេសវិញនោះទេ។ រូបគេបានសម្រេចចិត្តហើយ ដោយចង់ផ្ដោតលើក្រុម Leicester ច្រើនជាង និងមានពេលទំនេរដើម្បីសម្រាកជួបជុំគ្រួសារ៕ប្រភព៖ Dailymail