Ronaldo/Messi ​ស្ថិត​ក្នុង​បញ្ជី​ ៣ រូប Dybala ប្រកាស​ថា​ចូលចិត្ត​លេង​ជាមួយ តែលឺឈ្មោះ​ម្នាក់​ទៀត​ពិត​ជា​ភ្ញាក់ផ្អើល


Ronaldo/Messi ​ស្ថិត​ក្នុង​បញ្ជី​ ៣ រូប Dybala ប្រកាស​ថា​ចូលចិត្ត​លេង​ជាមួយ តែលឺឈ្មោះ​ម្នាក់​ទៀត​ពិត​ជា​ភ្ញាក់ផ្អើល
24February-2024
  • Saturday 24 February 2024
  • 08:07 PM

ជា​ការ​ពិត​កីឡាករ​កំពូល​ម្នាក់ ក្នុង​អាជីព​របស់​ពួក​គេ​រមែង​ធ្លាប់​ហែល​កាត់​បទពិសោធន៍​ល្អ​អាក្រក់​រាប់​ភ្លេច​ជាមួយ​នឹង​មិត្ត​រួម​ទ្រនំ​ចាស់​ថ្មី​ច្រើន​ជំនាន់ ហើយ​ខ្លះ​ក៏​ដក់​ជាប់​ជា​ការ​ចងចាំ​ល្អ ខ្លះ​ទៅ​ក៏​មិន​ជា​ការ​ដែល​គួរ​ឲ្យ​ចងចាំ​ទាល់​តែ​សោះ។

ងាក​មក Paulo Dybala ខ្សែ​ប្រយុទ្ធ​ក្លឹប AS Roma ស្ថិត​ក្នុង​វ័យ ៣០ ឆ្នាំ ទាំង​នៅ​ក្លឹប​និង​ជម្រើស​ជាតិ ​គេ​រាប់​បាន​ជា​កីឡាករ​សំណាង ព្រោះ​បាន​រួម​ទីលាន​នឹង​តារា​ឆ្នើម​លំដាប់ World class ​ពី​មួយ​ទៅ​មួយ​សម័យ។ ស្ថិតិ​នៅ​ក្លឹប​គេ​ឈរ​ជើង​ ៤៦៧ ប្រកួត ខណៈ​នៅ​ការ​លេង​ឲ្យ​ក្រុម​ពពក​ស​អាហ្សង់ទីន ​ទើប​តែ​បាន ៣៨ ប្រកួត។

សួរនាំ​ដល់​កីឡាករ​រួម​ទីលាន​ល្អ​បំផុត តាំង​ពី​បើក​ក្បាល​អាជីព​មក​ទល់​សព្វថ្ងៃ ត្រូវ​បាន​ប្រុស​សង្ហា Dybala រៀបរាប់​ប្រាប់​សារព័ត៌មាន Al Arabi Al Jadeed យ៉ាង​ដូច្នោះ៖ “នោះ​គឺ Messi/Ronaldo និង Gonzalo Higuain ដែល​ជា​មិត្ត​រួម​ក្រុម​ដ៏​ល្អ​បំផុត​ក្នុង​ពិភព​បាល់ទាត់​សម្រាប់​ការ​យល់​ឃើញ​របស់​ខ្ញុំ”។

​គេ​បន្ត​ថា៖ “ចំពោះ Ronaldo គាត់​ជា​ជើង​ឯក គ្រា​លេង​រួម​ទីលាន​នឹង​គាត់​នៅ Juventus ពេល​នោះ ពិត​ជា​អស្ចារ្យ​ខ្លាំង ខ្ញុំ​បាន​រៀនសូត្រ​រឿង​ជា​ច្រើន​ចេញ​ពី​គាត់ ដូច​ឆន្ទៈ​នៃ​ការ​លះបង់ ចំណង់​នៃ​ការ​ឈ្នះ ដ្បិត​បើ​គ្រប់​យ៉ាង​ខ្ញុំ​ធ្លាប់​បាន​សម្រេច​មួយ​ចំនួន​ហើយ​ក៏​ពិត​មែន ម្ល៉េះ​ខ្ញុំ​ក៏​ពុំ​មាន​ការ​ភ្ញាក់ផ្អើល ចំពោះ​អ្វី​ដែល​គាត់​កំពុង​បង្ហាញ​ទម្រង់​លេង​ល្អ​នៅ​ដី​អារ៉ាប៊ីសាអូឌីត”។

លោក​បន្ត​ទៀត​ថា៖ “ចំណែក​ Messi ខ្ញុំ​តែងតែ​មាន​ក្តី​ស្រមៃ​ចង់​លេង​ជាមួយ​គាត់​តាំង​ពី​នៅ​ក្មេង ហើយ​ឥឡូវ​អាច​រួម​ជ័យជម្នះ​ពាន World Cup ជាមួយ​គាត់ វា​ពិត​ជា​អ្វី​ដែល​ខ្ញុំ​ឥត​អាច​បំភ្លេច”។ ចុងក្រោយ​និយាយ​ដល់​ឈ្មោះ Higuain ប្រាកដ​ជា​ចម្លើយ​ដ៏​ភ្ញាក់ផ្អើល ព្រោះ​មក​ទល់​សព្វថ្ងៃ​សឹង​តែ​មាន​គ្នា​យើង​ខ្លះ ភ្លេច​ឈ្មោះ​កីឡាករ​ចូល​និវត្ត​រូប​នោះ​បាត់​ទៅ​ហើយ។

តែ​សារ​ថយ​ក្រោយ Dybala ធ្លាប់​បាន​រួម​ទីលាន​នឹង Higuain ច្រើន​បំផុត​គឺ​កាល​នៅ​សេះ​បង្កង់​ចន្លោះ​ល្បាក់​ឆ្នាំ ២០១៦ ដល់ ២០២០ ខណៈ​នៅ​ជម្រើស​ជាតិ​ទទួល​ឱកាស​តិចតួច​ស្តួចស្តើង​ខ្លាំង​ណាស់។ រំឭក​ដែរ​ថា Higuain នេះ​ដែរ ក៏​ធ្លាប់​បាន​សរសើរ​ឥត​ដាច់​ពី​មាត់​មក​កាន់ Dybala ថា​ទម្រង់​របស់​គេ ស្រដៀង​ទៅ​នឹង Messi យ៉ាង​ដូច្នោះ ហើយ​អនាគត​ទៅ​មុខ​អាច​មាន​លក្ខណៈ​គ្រប់គ្រាន់​នឹង​ក្លាយ​ជា​កីឡាករ​ល្អ​បំផុត​មួយ។

បន្ត​ទៅ​រឿងរ៉ាវ​ពាក់ព័ន្ធ​ចុងក្រោយ​បន្តិច​អតីត​យុវជន​ Palermo ក៏​បាន​សរសើរ​ដល់​អ្នកចាត់ការ​ដែល​ទើប​អស់​តំណែង​សញ្ជាតិ​ព័រទុយហ្គាល់ បែប​នេះ​ថា៖ “ការ​ដែល​បាន​រួម​ការងារ​នឹង​ Mourinho វា​ជា​រឿង​ដ៏​វិសេសវិសាល ហើយ​ចន្លោះ​ពេល​នោះ គាត់​ពិត​ជា​បាន​ជួយ​ឲ្យ​ខ្ញុំ​អភិវឌ្ឍ​ខ្លួន​ឯង​ឡើង គាត់​ពិត​សក្ដិសម​ជា​អ្នកចាត់ការ​ពោរពេញ​ដោយ​បទពិសោធន៍ អាច​ដឹក​អ្នក​រីកចម្រើន​ឡើង​ក្នុង​ភាព​ជា​កីឡាករ ខ្ញុំ​អត់​ច្បាស់​ទេ​អនាគត​គាត់​ទៅ​មុខ​បែប​ណា ដឹង​ត្រឹម​ជឿជាក់​ថា គាត់​នឹង​នៅ​តែ​បន្ត​លើ​ចំណុច​កំពូល”៕

ប្រភព៖ បរទេស

Facebook Comments

ព័ត៌មានកីឡាថ្មីៗ