ក្លឹបសេដ្ឋីបារាំង Paris Saint-Germain ថ្មីៗកន្លងទៅនេះ បានប្រកាសចាត់តាំងអ្នកចាត់ការលោក Christophe Galtier ឲ្យចូលមកកាន់តំណែងជំនួសលោក Mauricio Pochettino ដើម្បីបន្ថែមលទ្ធភាពក្នុងការប្រជែងពានរង្វាន់ UEFA Champions League។ សមិទ្ធផលជោគជ័យគ្រូវ័យ ៥៥ ឆ្នាំសម្រេចបាន កាលនៅទ្រនំចាស់ OGC Nice គឺបានដឹកនាំក្លឹបឡើងដល់វគ្គផ្ដាច់ព្រ័ត្រ ពាន Coupe de France ខណៈបញ្ចប់រដូវកាលចាស់ឈរលេខ ៥ បានកៅអី Europa League។
ទោះជាយ៉ាងណា ការមកដល់សារនេះ Galtier ក៏ទទួលបានការសាទរ និងកោតសរសើរជាខ្លាំង ពីសំណាក់អតីតកូនក្រុមចាស់ Jose Fonte ដែលធ្លាប់សហការរួមគ្នាកាលនៅក្លឹប Lille។ កីឡាករសញ្ជាតិព័រទុយហ្គាល់ ក៏បានបង្ហើបដូចគ្នា អំពីចំណុចដែលគ្រូសញ្ជាតិបារាំងត្រូវកែតម្រូវ ដើម្បីឲ្យ PSG អាចស្គាល់រសជាតិលើកពាន UCL ជាលើកដំបូង។ នោះគឺតំបន់ការពារ ពោលចង់ឃើញជញ្ជាំងជើងក្រោមរបស់ក្លឹបសេដ្ឋីបារាំង អាចរឹងមាំជាងនេះ និងរបូតគ្រាប់បាល់តិចជាងមុន។
ប្រាប់ទៅ talkSPORT មិត្តរួមជម្រើសជាតិរបស់ Ronaldo និយាយ៖ “Galtier ជាគ្រូពោរពេញដោយបទពិសោធន៍ គាត់ជាអ្នកចាត់ការល្អម្នាក់ ហើយក៏ជាបុរសដ៏កំប្លែងម្នាក់ផងដែរ គាត់ពូកែក្នុងការពន្យល់ អំពីអ្វីដែលគាត់ចង់បានពីកីឡាករ និងអ្វីដែលគាត់រំពឹងចង់ទទួលយក នៅលទ្ធផលបញ្ចប់ បើនិយាយពីបាល់ទាត់បារាំង ខ្ញុំហ៊ានថា គ្មានអ្នកចាត់ការណាដឹងច្បាស់ជាងគាត់ឡើយ គាត់ឈ្លាសវៃ គាត់ដឹងសព្វគ្រប់អំពីដំណោះស្រាយទៅលើបញ្ហាដែលត្រូវជួបប្រទះ”។
បន្តពាក់ព័ន្ធនឹងចំណុចដែល PSG ត្រូវពង្រឹងដើម្បីឈ្នះពាន UCL ខ្សែការពារ Fonte សង្កត់ធ្ងន់បែបនេះ៖ “ខ្ញុំគិតថាបញ្ហាគឺត្រង់តំបន់ការពារ ដែលក្លឹបនៅមានការខ្វះខាត ហើយពួកគេនឹងមិនអាចយកឈ្នះបានឡើយ សម្រាប់ការលេងទល់ក្លឹបធំដូចជា Man City, Liverpool, Bayern Munich និង Real Madrid ជាដើម ដូច្នេះ PSG នឹងធ្លាក់ទៅក្នុងបញ្ហា ដោយមិនខ្វល់ថា តំបន់ប្រយុទ្ធខាងលើល្អប៉ុណ្ណាទេ បើស្ទើរការពារ របូតគ្រាប់បាល់ច្រើន បែបហ្នឹងក៏ជាដើមចមនាំឲ្យក្រុមបរាជ័យដែរ ដូច្នេះហើយ Galtier ត្រូវតែពង្រឹងឲ្យរឹងមាំជាងនេះ នៅតំបន់ជើងក្រោម”។
បញ្ជាក់ឲ្យដឹងថា តាមដំណឹងអ្នកចាត់ការថ្មី បានជ្រើសរើសរួចរាល់ហើយនូវតំណែងអ្នកចាំទីដៃទីមួយសម្រាប់រដូវកាលបន្ទាប់ គឺនឹងប្រើប្រាស់ Gianluigi Donnarumma ជាជាង Keylor Navas។ ចំណែកឯជញ្ជាំងការពារ យើងនឹងរង់ចាំមើល តើ Sergio Ramos អាចបង្កើនលទ្ធភាពឲ្យល្អប្រសើរជាងមុនដែរឬទេ ក្នុងការចាប់ដៃគូជាមួយ Marquinhos ស្របពេលដែលស្លាបសងខាង វត្តមាន Achraf Hakimi និង Presnel Kimpembe គឺរំពឹងនៅតែអាចធានាបានពីពេលវេលាឈរជើង។
បន្តទៅការលើកឡើងមួយផ្សេងទៀត ពាក់ព័ន្ធនឹងអនាគតមិត្តរួមសញ្ជាតិ Cristiano Ronaldo ក៏ត្រូវបាន Fonte សង្កត់ធ្ងន់ថា ទ្រនំបន្ទាប់ CR7 គួរតែផ្លាស់ទៅក្លឹប Real Madrid ដែលជាកន្លែងសក្ដិសមបំផុត។ លោកបានសង្កត់ធ្ងន់ ថាបើសម្រាប់កីឡាករ សក្តិសមនឹងទៅចុះចូលនៅទីនោះ ជាងក្លឹបណាៗទាំងអស់ តែសំណួរត្រង់ថា ក្លឹបស្តេចស Madrid គិតចង់ទទួលយក Ronaldo ជាថ្មីឬអត់។
រំឭកឲ្យដឹង បុរសវ័យ ៣៧ ឆ្នាំ បានក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេបង្អស់ឲ្យក្លឹប Real Madrid ហើយក៏បានលើកពានរង្វាន់ Champions League ៤ លើកនៅទីនោះ លាយឡំនឹងពានធំតូចជាច្រើន មុនផ្លាស់ចេញមកកាន់ Juventus និង Man Utd ទល់សព្វថ្ងៃ៕
ប្រភព៖ បរទេស