បន្ទាប់ពីបញ្ចប់ការប្រកួតរវាងម្ចាស់ផ្ទះកាតារ ដែលបរាជ័យក្រោមលទ្ធផល ០-២ ទល់អេក្វាឌ័រកាលពីយប់មិញ ងាកមកថ្ងៃនេះលើទំព័រ CTS Sports ក៏នឹងមានកាលវិភាគផ្សាយបន្តផ្ទាល់ ៣ គូផ្សេងទៀត តែមួយគូបើកឆាកគឺពិសេសបំផុត ជាការប៉ះគ្នារវាងជើងឯក World Cup សម័យកាលឆ្នាំ ១៩៦៦ គឺតោកំណាចអង់គ្លេស ត្រូវជួបស្តេចក្រុមប្រចាំតំបន់អាស៊ីគឺអ៊ីរ៉ង់ នាវេលាម៉ោង ០៨:០០ នាទីយប់។
៣ ពិន្ទុនៅជំនួបជុំដំបូង គឺសំខាន់ខ្លាំងណាស់រវាងក្រុមទាំងពីរ ដ្បិតអីជម្រើសជាតិដែលត្រូវតតាំងពីរផ្សេងទៀត គឺរវាងសហរដ្ឋអាមេរិក និងវែល នៅក្នុងពូល B។ យ៉ាងណាមុនការប្រកួតមកដល់ កីឡាករជា Top Scorer ប្រចាំប្រវត្តិសាស្ត្រអង់គ្លេស គឺ Wayne Rooney ក៏បានផ្តល់យោបល់ណែនាំទៅកាន់ជម្រើសជាតិរបស់ខ្លួន អំពីយុទ្ធសាស្រ្តនិងតាក់តិច ក្នុងការយកឈ្នះទៅលើអ៊ីរ៉ង់ មានអ្នកចាត់ការ Carlos Queiroz ក៏ជាបុរសម្នាក់ខ្លួនធ្លាប់ស្គាល់ច្បាស់បំផុតផងដែរក្នុងអាជីព។
Carlos ធ្លាប់ជាអតីតជំនួយការលោក Sir Alex Ferguson ក្នុងសម័យកាលដឹកនាំ Wayne Rooney ជាកីឡាករ លើកពាន Champions League, League Cup និង Premier League ៣ សម័យកាលនៅបិសាចក្រហម។ ប្រាប់តាមរយៈសារព័ត៌មាន The Times បុរសវ័យ ៣៧ ឆ្នាំ សង្កត់ធ្ងន់ថា អង់គ្លេសត្រូវតែប្រើប្រាស់ខ្សែការពារស្លាបដ៏ជំនាញ ហើយ Trent Alexander-Arnold ចាំបាច់ត្រូវតែមានវត្តមានក្នុងប្រកួតយប់នេះ ព្រោះរបៀបវាយលុកដោយប្រើការពារស្លាប ទើបមានសង្ឃឹមច្រើននឹងអាចយក ៣ ពិន្ទុពីអ៊ីរ៉ង់។
Rooney និយាយ៖ “Carlos គាត់ជាមនុស្សដែលចូលចិត្តរៀបរយកីឡាករ ឲ្យមានការគោរពវិន័យ ហើយរបៀបដឹកនាំគាត់ គឺសម្រុកលឿនៗ ហើយមួយគ្រាប់ដំបូងគឺចាំបាច់បំផុត ម្ល៉េះហើយបើអង់គ្លេសអាចរកបានគ្រាប់បាល់នាំមុខមុនពីដើមតង់ នោះប្រាកដជានឹងស្រួលចិត្ត តែបើបណ្តោយពេលវេលាកាន់តែយូរ ពួកគេនឹងកាន់តែទទួលសម្ពាធមិនខាន”។
លោកបន្តថា៖ “គ្រប់ពេលដែលអ្នកតតាំងក្រុមមានរបៀបលេងដូចជាអ៊ីរ៉ង់ អ្នកចាំបាច់ត្រូវតែមានប្រព័ន្ធនៅតំបន់ស្លាបពេញលក្ខណៈល្អបំផុត អ្នកមើលចុះដូច Manchester City លេង របៀបពួកគេគឺប្រើស្លាបខាងក្រោម ដើម្បីចោះបាល់ទៅក្នុងប្រអប់គូប្រជែង ត្រង់ហ្នឹងហើយទើបខ្ញុំជ្រើសយក Trent Alexander-Arnold ចាំបាច់ត្រូវតែមានឈ្មោះក្នុងការប្រកួតនេះ ព្រោះគេមានសមត្ថភាពពូកែក្រុសបាល់ចូលទៅក្នុងប្រអប់”។
គួរឲ្យដឹងដែរថា អង់គ្លេសជាក្រុមឈរចំណាត់ថ្នាក់ FIFA Ranking ល្អដាច់គេក្នុងពូល B ពោលគឺឈរលេខ ៥ ស្របពេលសហរដ្ឋអាមេរិកឈរលេខ ១៦ វែលឈរលេខ ១៩ និងអ៊ីរ៉ង់ឈរលេខ ២០ ឬរាប់បានជាក្រុមលំដាប់ទី ១ នៅតំបន់អាស៊ី។ កន្លងមកអ៊ីរ៉ង់ក៏ធ្លាប់បង្កើតកំណត់ត្រា តាមរយៈការយកឈ្នះកម្ពុជា នៅវគ្គជម្រុះបឋមជុំទី ២ World Cup ដោយទាំងពីរជើង សរុបគ្រាប់បាល់ ២៤-០៕
ប្រភព៖ បរទេស