ខ្សែប្រយុទ្ធ Mohamed Salah បានចូលលេងឱ្យក្រុមជម្រើសជាតិអេហ្ស៊ីបពេញ៩០នាទី ទាំងដែលខ្លួនមានបញ្ហារបួសក្រលៀននៅឡើយ។ នេះបើតាមសម្ដីរបស់គ្រូបង្វឹកអេហ្ស៊ីប។
ប្រធានក្រុមជម្រើសជាតិអេហ្ស៊ីបខាងលើបានចូលលេងពេញ៩០នាទីតែម្ដង ក្នុងការប្រកួតដែលពួកគេយកឈ្នះលើក្រុមគីនៀបានក្នុងលទ្ធផល ១-០ នាការប្រកួតជម្រុះ Africa Cup on Nations នៅឆ្នាំក្រោយ។ Salah បានលេងដោយមិនបង្ហាញអាការៈឈឺចាប់អ្វីនោះទេ ទាំងដែលខ្លួននៅមានបញ្ហាក្រលៀននៅឡើយ។ ដោយឡែកសាមីខ្លួន ក៏មិនបានចូលពិនិត្យពីរបួសនេះដែរ ពោលគឺចូលលេងទាំងមានបញ្ហានេះតែម្ដង។
បើតាមលោក Ehab Galal គ្រូបង្វឹកអេហ្ស៊ីបបាននិយាយថា៖ “Salah មានអាការៈឈឺចាប់ដោយសារតែរបួសដែរ ប៉ុន្តែគេលេងទាំងឈឺ និងមិនបានបង្ហាញឱ្យគ្រប់គ្នាដឹងនោះទេ។ គាត់បានបដិសេធមិនព្រមស្កេនមើលរបួសពីសំណាក់ក្លឹប Liverpool នោះទេមុនការប្រកួត។ ដោយរបួសក្រលៀននេះកើតឡើងតាំងពីប្រកួត FA Cup ផ្ដាច់ព្រ័ត្រមកម្ល៉េះ”៕ប្រភព ៖ dailymail