គណៈកម្មការប្រកួតបាល់ជាត់កម្ពុជា (CNCC) នឹងធ្វើការពន្យាកាលបរិច្ឆេទផ្ទេរកីឡាករជាតិ (Transfer Window 2) សម្រាប់ជុំទី២សម្រាប់ពានរង្វាន់ Metfone Cambodian League ឆ្នាំ២០២១ ពីថ្ងៃទី ២០ ខែសីហា ទៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១វិញ។
ដោយឡែកចំពោះការផ្ទេរកីឡាករអន្តរជាតិ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា នឹងរក្សាកាលបរិច្ឆេទថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ ឱ្យនៅដដែល។ កាលបរិច្ឆេទផ្ទេរកីឡាករជាតិ (Transfer Window 2) សម្រាប់ជុំទី២ចាស់ ចាប់ពីថ្ងៃទី២០ ខែកក្កដា ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១។
គិតមកដល់ពេលនេះ! ក្លិបដែលធ្វើការដោះដូរកីឡាករចេញចូលមាន៖ ណាហ្គាវើលដ៍បន្តកិច្ចសន្យាជាមួយកីឡាករ៤រូប មានអ្នកចាំទី សាន ឧសភា, ខ្សែការពារ រៀម ស៊ឹង, ខ្សែការពារ យ៉េត ចិត្រា និងខ្សែបម្រើ សុះ ស៊ូហាណា។
ខ្សែបម្រើ Thiago De Jesus បានចាកចេញពីព្រះខ័នរាជស្វាយរៀង ជាទីរូបគេបានចំណាយពេលលេងពេញមួយរដូវកាលកាលឆ្នាំ២០២០ និងជើងទី១ ឆ្នាំ២០២១នេះ។
ក្លិបបាល់ទាត់អាស៊ីអឺរ៉ុបយូណាយធីត បានប្រកាសចែកផ្លូវគ្នាជាមួយខ្សែប្រយុទ្ធ Abee Ndjoo នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែសីហា ឆ្នាំ២០២១នេះ។ កីឡាករជនជាតិកាមេរូនរូបនេះរកបាន ១០គ្រាប់ហើយក្នុងក្របខណ្ឌ Metfone Cambodian League រដូវកាល២០២១។ គេបានចូលរួមជាមួយអាស៊ីអឺរ៉ុបយូណាយធីតក្នុងរដូវកាល២០២០។
ក្រុមបង្ហាត់ដោយគ្រូបង្គោល សុក វាសនា បានបញ្ជាក់ថា Abee នឹងចូលរួមជាមួយគូប្រជែងរួមលីគ បឹងកេត ក្នុងជើងទី២ ខាងមុខ។ ដោយឡែក ក្លិបទាំង៣ខាងលើពុំទាន់ប្រកាសពីការនាំចូលកីឡាករថ្មីនៅឡើយទេគិតត្រឹមថ្ងៃទី២០ខែសីហានេះ។