រង្គើ​រដូវ​កាល​ថ្មី​មិន​ខាន ក្លឹប​យក្ស​នេះ ដាក់​គោលដៅ​ធំ​ចង់​រួបរួម Ronaldo&Neymar


រង្គើ​រដូវ​កាល​ថ្មី​មិន​ខាន ក្លឹប​យក្ស​នេះ ដាក់​គោលដៅ​ធំ​ចង់​រួបរួម Ronaldo&Neymar
27June-2022
  • Monday 27 June 2022
  • 12:18 PM

តារា​ឆ្នើម Cristiano Ronaldo មាន​ភាគរយ ដែល​អាច​នឹង​ចាកចេញ​នៅ​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ បន្ទាប់​ពី​ក្លឹប Manchester United មិន​អាច​ឈោង​បាន​កៅអី​លេង​ពាន​អឺរ៉ុប UCL រដូវ​កាល​ក្រោយ។ កន្លង​មក​ឆ្លង​កាត់​ចចាមអារ៉ាម​ជា​ច្រើន ឃើញ​ថា​មាន​ក្លឹប​ធំ ១ បាន​បដិសេធ ខណៈ​ក្លឹប​ធំ ២ ផ្សេង​ទៀត កំពុង​ស្ថិត​ក្នុង​ដំណើរការ​ចរចា ថា​មិន​ត្រូវ​អាច​នឹង​ក្លាយ​ជា​ទ្រនំ​ថ្មី​របស់​កីឡាករ​ព័រទុយហ្គាល់។

ខាង Bayern Munich បាន​ច្រាន​ចោល ជុំវិញ​ការ​ចង់​នាំ​យក CR7 មក​ត្រៀម​បំពេញ​កន្លែង Robert Lewandowski ក្រោម​ហេតុផល​មិន​ចង់​ចំណាយ​លើ​ថ្លៃ​ពលកម្ម​ខ្ពស់​ជ្រុល ណា​មួយ​អាយុ​កីឡាករ​ក៏​ហៀរ​ចូល​វ័យ​ចំណាស់ ៣៧ ឆ្នាំ​ទៅ​ហើយ។ នៅ​សល់​ក្លឹប ២ មាន Sporting CP និង​ក្លឹប​រួម​លីគ​តោ​ខៀវ Chelsea ដែល​ពួក​គេ​សុទ្ធ​សឹង​អាច​ផ្តល់​ពេលវេលា​ឈរ​ជើង​នៅ UCL សម្រាប់ Ronaldo នា​រដូវ​កាល​បន្ទាប់។

យ៉ាង​ណា​យើង​សូម​ធ្វើ​ការ​លម្អិត ពាក់ព័ន្ធ​នឹង​ក្លឹប​ Chelsea ដែល​កាន់កាប់​ដោយ​ម្ចាស់​ថ្មី លោក Todd Boehly ព្រោះ​លឺ​ថា មិនមែន​ត្រឹម​ចង់​នាំ​យក Ronaldo ម្នាក់​ប៉ុណ្ណោះ​ទេ ទៀត​សោត​ក៏​ចង់​បាន​ទាំង Neymar Jr ផង​ដែរ។ រឿងរ៉ាវ​ចង់​បាន CR7 មក​កាន់​ទឹកដី Stamford Bridge បាន​ក្តៅ​គគុក​ខ្លាំង​កាល​ពី​យប់​មិញ បន្ទាប់​មាន​ការ​ចុះ​ផ្សាយ​ពី​សារព័ត៌មាន The Athletic ថា​ម្ចាស់​ក្លឹប Chelsea បាន​ណាត់​ជួប​ភ្នាក់ងារ​លោក Jorge Mendes នៅ​អាហារ​ថ្ងៃ​ត្រង់​មួយ​កន្លែង ដើម្បី​និយាយ​រឿង​ផ្ទេរ​ចេញ Ronaldo ពី​ទឹកដី Old Trafford។

មិន​ច្បាស់​ថា ការ​ចរចា​នេះ បាន​ដំណើរការ​ប៉ុន្មាន​ភាគរយ​ទៅ​ហើយ​ទេ តែ​ប្រភព​បាន​សង្កត់​ធ្ងន់​ថា អតីត​កីឡាករ​ក្លឹប Real Madrid ពិត​ជា​មិន​រីករាយ​នឹង​ការ​បន្ត​នៅ ជាមួយ​ក្លឹប​ដែល​បាន​ត្រឹម​កៅអី Europa League ពោល​ចង់​បង្ខំ​ការ​ផ្លាស់​ទៅ​ក្លឹប​ថ្មី ដែល​អាច​លេង​ពាន​លំដាប់​ទី ១ របស់ UEFA។ តាម​ហាងឆេង​តម្លៃ​ខ្លួន សម្រាប់​កីឡាករ​សេសសល់​កុងត្រា​រយៈ​ពេល ១២ ខែ គឺ​អាច​ថ្លៃ​យ៉ាង​ច្រើន ចន្លោះ ១០ ទៅ ២០ លាន​ផោន។

ជាមួយ​គ្នា​នេះ បើ​តាម​សារព័ត៌មាន Daily Star ក៏​ចុះ​ផ្សាយ​ពាក់ព័ន្ធ​នឹង​អនាគត​លោក​ឧកញ៉ា Neymar ដែល​ថា Chelsea ក៏​ស្ថិត​ក្នុង​ចំណោម​ក្លឹប​ជា​ច្រើន ចង់​ចរចា​ទិញ​យក​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ។ តាម​ហាងឆេង​ខាង PSG ដាក់​មក គឺ​ល្បាក់ ១០០ លាន​ផោន ជួន​ពេល​កីឡាករ​សល់​កុងត្រា ៥ ឆ្នាំ​ឯ​ណោះ ជាមួយ​ក្លឹប​អាណាព្យាបាល។ ដូច្នេះ​មាន​ន័យ​ថា ការ​រួបរួម​រវាង Ronaldo&Neymar បើ​តោ​ខៀវ ចង់​ធ្វើ​ឲ្យ​ទៅ​រួច នោះ​ទាមទារ​ការ​ចំណាយ​មិន​ដល់ ១៥០ លាន​ផោន​ឡើយ។

ប្រសិន​ក្លាយ​ជា​ការ​ពិត ហើយ​ជួន​ពេល Chelsea យក​បាន​តារា​ឆ្នើម​ប្រេស៊ីល Neymar Jr ផង​ វា​ក៏​នឹង​ចូល​ទៅ​ក្នុង​ក្តីស្រមៃ​របស់​ខ្សែ​ប្រយុទ្ធ​ក្លឹប PSG ដែល​ធ្លាប់​អះអាង​កន្លង​មក​បែប​នេះ៖ “ខ្ញុំ​ពិត​ជា​ចង់​លេង​រួម​គ្នា​ជាមួយ Cristiano នៅ​ថ្ងៃ​ណា​មួយ ព្រោះ​ខ្ញុំ​ធ្លាប់​ហែលកាត់​អស់​ហើយ​នឹង​ការ​លេង​ជាមួយ​កីឡាករ​ល្អៗ​ដូច​ជា Mbappe, Messi តែ​នៅ​ជាមួយ Ronaldo ខ្ញុំ​មិន​ធ្លាប់​នោះ​ទេ”៕

ប្រភព៖ បរទេស​​

Facebook Comments

ព័ត៌មានកីឡាថ្មីៗ