នាថ្ងៃស្អែកវេលាម៉ោង ០៨:០០ នាទីយប់ ក្រុមជម្រើសជាតិវៀតណាមនឹងត្រូវតតាំងក្រុមជម្រើសជាតិថៃនាវគ្គជម្រុះ World Cup ប្រចាំតំបន់ជុំទី ២។
ថៃត្រូវការ ៣ ពិន្ទុចាំបាច់ដើម្បីធានាពីលទ្ធភាពក្នុងការឆ្ពោះទៅកាន់វគ្គបន្ទាប់ ក្រោយពីចាញ់ម៉ាឡេស៊ី ២-១ កាលពីប្រកួតប៉ុន្មានថ្ងៃមុន។
មុនឈានដល់ការប្រកួតអ្នកចាត់ការសញ្ជាតិជប៉ុនរបស់ដំរីថៃលោក Nishino បានបង្ហាញពីការព្រួយបារម្ភដល់បញ្ហាអាកាសធាតុនៅទីក្រុងហាណូយ ទោះបីជាកីឡាករក្នុងក្រុមទាំងមូលមិនមាននរណាជួបបញ្ហារបួសក្តី។
លោកប្រាប់ថា៖ “យើងពិតណាស់ដាក់គោលដៅយក ៣ ពិន្ទុ ព្រោះយើងចាំបាច់ត្រូវឈ្នះប្រកួតនេះ ដើម្បីបន្តទៅវគ្គបន្ទាប់នៅ World Cup Qualifiers”។
លោកបន្ត៖ “ខ្ញុំមិនច្បាស់ទេថាអាកាសធាតុត្រជាក់នៅហាណូយអាចប៉ះពាល់ដល់ក្រុមយើងបែបណាខ្លះ ប៉ុន្តែកីឡាករគឺពិតណាស់ដែលនឹងលេងមានភាពចុះសម្រុងជាងនៅទឹកដីកូឡាឡាំពួរ ប៉ុន្តែខ្ញុំក៏មិនអាចនិយាយថាយើងបានត្រៀមខ្លួន ១០០ ភាគរយដែរ ព្រោះយើងទើបមកដល់ទីនេះនៅថ្ងៃសៅរ៍”។
“អ្វីដែលល្អគឺគ្មានកីឡាករណាមួយរបួស អ៊ីចឹងមិនធ្វើឲ្យយើងត្រូវផ្លាស់ប្ដូរប្រព័ន្ធលេង ហើយជាងនេះខ្ញុំគិតថាបរាជ័យទល់ម៉ាឡេស៊ីគឺពុំបានប៉ះពាល់ដល់អារម្មណ៍កីឡាករឡើយ”៕