World Cup លេង ២១ លើក​ហើយ នេះ ៤ លើក មាន​មនុស្ស​បុក​ទៅ​ទស្សនា​ច្រើន​បំផុត


World Cup លេង ២១ លើក​ហើយ នេះ ៤ លើក មាន​មនុស្ស​បុក​ទៅ​ទស្សនា​ច្រើន​បំផុត
29June-2022
  • Wednesday 29 June 2022
  • 01:58 PM

ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក ដែល​កំណត់​ធ្វើ​ឡើង​រៀងរាល់ ៤ ឆ្នាំ​ម្ដង គឺ FIFA World Cup បាន​ចាប់ផ្តើម​ឡើង​នៅ​ឆ្នាំ ១៩៣០ ពោល​មាន​អាយុកាល ៩២ ឆ្នាំ​ហើយ ក៏​ប៉ុន្តែ​វា​បាន​ខកខាន​ធ្វើ​ឡើង ២ លើក នៅ​ឆ្នាំ ១៩៤២ និង ១៩៤៦ ដោយសារ​ការ​រារាំង​នៃ​សង្គ្រាម​លោក​លើក​ទី ២។ នៅ​ឆ្នាំ ២០២២ សារ​នេះ កាតារ​បាន​កំណត់​រៀបចំ​ធ្វើ​ជា​ម្ចាស់ផ្ទះ តែ​ត្រូវ​រង់ចាំ​ដល់​ចុង​ឆ្នាំ​ឯ​ណោះ ទើប​ធ្វើ​ការ​ប្រកួត ដោយសារ​សីតុណ្ហភាព​នៅ​ប្រទេស​អាស៊ី​មួយ​នោះ ឡើង​ខ្ពស់​ខ្លាំង​នា​ពាក់​កណ្ដាល​ឆ្នាំ។

ចុះ​អ្នក​មាន​ដឹង​ទេ​ថា ក្នុង​ចំណោម World Cup ២១ សម័យ​កាល​កន្លង​មក តើ​សម័យ​កាល​ណា​មួយ ដែល​មាន​អ្នក​ចូល​ទស្សនា​ច្រើន​បំផុត? CTS Sports ធ្វើ​ការ​បង្ហាញ​ដូច​ត​ទៅ៖

៤) ឆ្នាំ ២០១០ នៅ​អាហ្វ្រិកខាងត្បូង

នៅ​ការ​ប្រកួត​ទាំង ៦៤ ក្នុង​ទីក្រុង​ចំនួន ៩ សារ​នោះ មាន​អ្នក​ចូល​ទស្សនា​ប្រហែល​ជិត ៣,២ លាន​នាក់។ ប្រកួត​ដែល​មាន​អ្នក​ចូល​ទស្សនា​ច្រើន​បំផុត គឺ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ គ្រា​អេស្ប៉ាញ យក​ឈ្នះ​ហូឡង់ ១-០។ សារ​នោះ មាន​អ្នក​ទស្សនា​ផ្ទាល់​ក្នុង​កីឡដ្ឋាន​ដល់​ទៅ ៨៤ ៤៩០ នាក់ ខណៈ​ជា​មធ្យម​នៅ​ប្រកួត​ទូទៅ មាន​ជិត ៥ មុឺន​នាក់។ បើ​តាម​ដឹង ខ្ទង់​ចំណាយ​ការ​រៀបចំ​ World Cup 2010 ចាយ​អស់​ដល់​ទៅ ៣,៦ ពាន់​លាន​ដុល្លារ។

៣) ឆ្នាំ ២០០៦ នៅ​អាល្លឺម៉ង់

អាល្លឺម៉ង់​ធ្លាប់​ធ្វើ​ជា​ម្ចាស់ផ្ទះ World Cup ២ លើក ដោយ​កាល​ពី​ឆ្នាំ ១៩៧៤ និង ២០០៦។ ក៏​ប៉ុន្តែ​គេ​ចងចាំ​បំផុត នៅ​ការ​ប្រកួត​នា​សតវត្ស​ទី ២១ ដែល​មាន​សន្ទុះ​អ្នក​ទស្សនា​យ៉ាង​ច្រើន​កុះករ ដល់​ទៅ​ ៣,៣៥ លាន​នាក់។

ខុស​ពី World Cup 2010/14 និង 18 ដោយ​ប្រកួត​មាន​អ្នក​ទស្សនា​ច្រើន​បំផុត មិនមែន​ជា​វគ្គ​ផ្តាច់ព្រ័ត្រ​នោះ​ទេ ផ្ទុយ​ទៅ​វិញ គ្រា​អាល្លឺម៉ង់​ធ្វើ​ជា​ម្ចាស់ផ្ទះ គឺ​នា​វគ្គ ៨ ក្រុម​ចុង​ក្រោយ ក្នុង​កីឡដ្ឋាន Olympiastadion នៃ​ទីក្រុង Berlin ដោយ​ចប់ ១២០ នាទី អាល្លឺម៉ង់​ស្មើ ១-១ ទល់​អាហ្សង់ទីន ក៏​ប៉ុន្តែ​ត​ដល់​ការ​ស៊ុត​ប៉េណាល់ទី ខាង​ម្ចាស់ផ្ទះ​បាន​យក​ឈ្នះ ៤-២។ សម័យ​កាល​នោះ ម្ចាស់​ជើង​ឯក​បាន​ទៅ​លើ​ជម្រើស​ជាតិ​អ៊ីតាលី ដែល​យក​ឈ្នះ​ទៅ​លើ​បារាំង។

២) ឆ្នាំ ២០១៤ នៅ​ប្រេស៊ីល

ប្រេស៊ីល​ចាយ​អស់ ១១,៦ ពាន់​លាន​ដុល្លារ លើ​ការ​រៀបចំ World Cup ក្នុង​ទីក្រុង​ទាំង ១២ ហើយ​សារ​នោះ មាន​អ្នក​ទស្សនា​ផ្ទាល់ ប្រមាណ ៣,៤២ លាន​នាក់។ ក្នុង​ចំណោម​ការ​ប្រកួត​ទាំង ៦៤ គឺ​មួយ​ប្រកួត​នា​វគ្គ​ចុងក្រោយ ដែល​អាល្លឺម៉ង់​យក​ឈ្នះ​អាហ្សង់ទីន ១-០ មាន​អ្នក​ទស្សនា​ច្រើន​បំផុត​ដល់​ទៅ​ជាង ៧៤ ០០០ នាក់។

១) ឆ្នាំ ១៩៩៤ នៅ​សហរដ្ឋអាមេរិក

ជា​សម័យ​កាល​លើក​ចុង​ក្រោយ ដែល​មាន​តែ ៥២ ប្រកួត ព្រោះ​មាន​ក្រុម​ជម្រើស​ជាតិ​តែ ២៤ ប៉ុណ្ណោះ​មក​ចូលរួម។ វា​ជា​ពេល​ដែល​មាន​អ្នក​ទស្សនា​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​ពិភពលោក ដោយ​មនុស្ស​ជាង ៣,៥៨ លាន​នាក់ បាន​មក​ចូលរួម​ទស្សនា ហើយ​នា​វគ្គ​ផ្ដាច់ព្រ័ត្រ ដែល​ប្រេស៊ីល យក​ឈ្នះ​ទៅ​លើ​អ៊ីតាលី មាន​អ្នក​គាំទ្រ​ដល់ ៩៤ ០០០ នាក់​ឯ​ណោះ​ក្នុង​កីឡដ្ឋាន៕

ប្រភព៖ បរទេស

Facebook Comments

ព័ត៌មានកីឡាថ្មីៗ