សហព័ន្ធបាល់ទាត់វៀតណាម កំពុងរៀបចំឯកសារដើម្បីប្ដឹងទៅ AFC ទាក់ទងទៅនឹងកាយវិការមើលងាយរបស់គ្រូជំនួយជម្រើសជាតិថៃ ឈ្មោះ Sasa Vesna Todic។
ការប្រកួតរវាងក្រុមវៀតណាម នឹងថៃបានបញ្ចប់ទៅត្រឹមលទ្ធផលស្មើគ្នា ០-០ ប៉ុណ្ណោះកាលពីពេលកន្លងទៅក្នុងវគ្គសន្សំពិន្ទុពានរង្វាន់ FIFA World Cup 2022 ក្នុងពូល G ។ ក្រោយចប់ការប្រកួតនោះដែរ លោក Park Hang Seo គ្រូបង្វឹកក្រុមវៀតណាម បានទៅចាប់ដៃជាមួយគ្រូបង្វឹកក្រុមថៃជាធម្មតា ប៉ុន្តែបែរជាត្រូវគ្រូជំនួយឈ្មោះ Todic បានបង្ហាញកាយវិការមើលងាយទៅវិញ។
ក្នុងវីដេអូនិងរូបភាពដែលគេចាប់បាន គឺលោក Todic ដែលជាគ្រូជំនួយថៃនោះ បានលើកដៃបង្ហាញថាលោក Park ល្អិត បើធៀបជាមួយគ្រូបង្វឹកថៃ។ សញ្ញានេះ ធ្វើឱ្យមានប្រតិកម្មជាខ្លាំងសម្រាប់លោក Park និងកីឡាករវៀតណាម រហូតដល់មានការចូលឃាត់ថែមទៀតផង។
យ៉ាងណាមិញ ចំពោះរឿងនេះ វៀតណាម បានសរសេរលិខិតប្ដឹងទៅខាង AFC រួចរាល់ហើយ ដើម្បីធ្វើការពិន័យ ក៏ដូចជាទាមទារយុត្តិធម៌ឱ្យលោក Park វិញ៕ប្រភព៖ Foxsportsasia