តើ​លទ្ធផល​បែប​ណា ទើប​ Barcelona អាច​ទទួល​បាន​កៅអី Champions League វគ្គ ១៦ ក្រុម?


តើ​លទ្ធផល​បែប​ណា ទើប​ Barcelona អាច​ទទួល​បាន​កៅអី Champions League វគ្គ ១៦ ក្រុម?
27October-2022
  • Thursday 27 October 2022
  • 07:11 AM

គិត​ត្រឹម​ព្រឹក​ថ្ងៃ​ពុធ​នេះ កៅអី​វគ្គ ១៦ ក្រុម Champions League ត្រូវ​បាន​កក់​ដោយ​ក្រុម​ចំនួន ៩ រួចរាល់​ហើយ តួ​យ៉ាង​គឺ Napoli, Club Brugge, Bayern Munich, Chelsea, Man City, Borussia Dortmund, Real Madrid, PSG និង Benfica។ យ៉ាង​ណា​នៅ​យប់​នេះ លើ​ទំព័រ CTS Sports ​ប្រិយមិត្ត​ក៏​នឹង​អាច​ឃើញ​ប៉ុន្មាន​ក្រុម​បន្ថែម​ទៀត ដែល​ត្រូវ​ឡើង​ទៅ​កាន់​វគ្គ​បន្ទាប់ និង​ក្រុម​ខ្លះ ប្រឈម​ខ្ពស់​ត្រូវ​សម្រេច​លទ្ធផល​ធ្លាក់​ទៅ​ពាន Europa League បើ​ទោះ​បី​ការ​ប្រកួត​សេសសល់​មួយ​ជុំ​ទៀត​ក៏​ដោយ។

ក៏​ជឿ​ថា ​បងប្អូន​យើង​មួយ​ចំនួន​ធំ ប្រាកដ​មិន​ទាន់​យល់​ច្បាស់​នៅ​ឡើយ អំពី​ការ​សម្រេច​នៅ​យប់​នេះ ជាក់ស្តែង​គឺ​ក្នុង​ពូល C ដែល​នឹង​កំណត់​ជោគវាសនា​ក្លឹប​ធំ​ទាំង ៣ ដ្បិត​អី​ក្លឹប​តូច Viktoria Plzen ក៏សល់ឱកាសបានលេង Europa League តែនៅភាគរយទាបបំផុត។

អំពី​កាលបរិច្ឆេទ​ប្រកួត​នៅ​យប់​នេះ គឺ Inter Milan ត្រូវ​ប៉ះ Viktoria Plzen នៅ​វេលា​ម៉ោង ១១:៤៥ នាទី​យប់ ខណៈ Barcelona ត្រូវ​បើក​កីឡដ្ឋាន​ស្វាគមន៍​សត្រូវ​កាន់​ឆ្នាំ Bayern Munich នៅ​វេលា​ម៉ោង ០២:០០ នាទី​ទាប​ភ្លឺ។ គិត​ត្រឹម​ជុំ​ទី ៤ Bayern មាន ១២ ពិន្ទុ Inter មាន ៧ ពិន្ទុ Barcelona មាន ៤ ពិន្ទុ និង Viktoria Plzen មាន ០ ពិន្ទុ។

ចំពោះ​ក្លឹប​អាល្លឺម៉ង់ ស្ថិត​ក្រោម​ការ​ដឹកនាំ​ដោយ​អ្នកចាត់ការ​វ័យ​ក្មេង លោក Julian Nagelsmann បើ​ទោះ​បី​បាន​ធានា​កៅអី​ឆ្ពោះ​ទៅ​វគ្គ ១៦ ក្រុម តែ​ប្រកួត​យប់​នេះ​ក៏​សំខាន់​ផង​ដែរ ព្រោះ​បើ​ឈ្នះ គឺ​នឹង​សម្រេច​ថា​ពួក​គេ​បាន​ឈរ​ឈ្មោះ​ជា​ក្លឹប​លេខ ១ ប្រចាំ​ពូល ឬ​ក្នុង​ករណី​មួយ​ទៀត ទោះ Bayern ចាញ់ តែ​ទាមទារ​ឲ្យ Inter Milan ខកខាន​ការ​យក​ ៣ ពិន្ទុ ជា​រួម​ត្រូវ​តែ​ស្មើ ឬ​ចាញ់ ទល់ Viktoria Plzen។ បើ​សួរ​ថា ហេតុអ្វី​តំណែង​ទី ១ ឬ​ទី ២ ក្នុង​ពូល ជា​រឿង​ចាំ​បាច់ ដែល​ Bayern ទាមទារ​ចង់​បាន គឺ​ដោយសារ នៅ​វគ្គ​បន្ទាប់ ១៦ ក្រុម ការ​ចាប់ឆ្នោត​ផ្គូផ្គង​ក្លឹប​ត្រូវ​ជួប​គ្នា គឺ​គេ​កំណត់​យក​ក្លឹប​លេខ ១ ប្រចាំ​ពូល ទៅ​ប៉ះ​ជាមួយ​ក្លឹប​លេខ ២ ប្រចាំ​ពូល​ដទៃ ដូច្នេះ​ក៏​អាច​បញ្ចៀស​នូវ​អត្រា​ភាគរយ​ខ្ពស់ ក្នុង​ការ​ប៉ះ​ក្លឹប​ធំៗ​ផង​ដែរ។

ងាក​មក Inter Milan ​សេណារីយ៉ូ​ងាយៗ​អាច​ឲ្យ​ពួក​គេ​ឆ្លង​ទៅ​វគ្គ​បន្ទាប់ នោះ​គឺ​ការ​ឈ្នះ​នៅ​យប់​នេះ ដើម្បី​បាន ១០ ពិន្ទុ ដោយ​មិន​ចាំ​បាច់​ខ្វាយខ្វល់​ពី​លទ្ធផល​របស់ Barcelona ព្រោះ​បើ​ទោះបី​អ្នក​មាន​បុណ្យ អាច​ឈ្នះ​ទាំង​ពីរ​ប្រកួត​ចុង​ក្រោយ មាន ១០ ពិន្ទុ​ស្មើ ក៏​ក្លឹប​អេស្ប៉ាញ​មិន​អាច​ឡើង​បាន​ដែរ។ នោះ​ដោយសារ​តែ​ច្បាប់​របស់ UEFA គឺ​គេ​ធៀប​ស្ថិតិ​គ្រាប់​បាល់ Head-to-head រវាង​ក្លឹប​ស្មើ​ពិន្ទុ​ទាំង​ពីរ ដោយ​យើង​ទៅ​មើល Inter Milan ប៉ះ Barcelona ទាំង​ពីរ​ជើង នៅ​ជើង​ទី ១ Inter យក​ឈ្នះ ១-០ ហើយ​នៅ​ជើង​ទី ២ ស្មើ ៣-៣ ដូច្នេះ​គឺ Inter ជា​អ្នក​មាន​ប្រៀប។

 

ចុង​ក្រោយ​ដែល​យើង​ផ្តោត​ចង់​ដឹង​បំផុត គឺ Barcelona ដោយ​ពួក​គេ​អាច​ឡើង​ទៅ​កាន់​វគ្គ​បន្ទាប់ ១៦ ក្រុម UCL បាន​លុះត្រា​តែ៖

Barcelona យក​ឈ្នះ Bayern Munich នៅ​យប់​នេះ តែ​ទាមទារ​ឲ្យ Inter Milan បាន​ត្រឹម​ស្មើ ឬ​ចាញ់ ទល់ Viktoria Plzen
Barcelona យក​ឈ្នះ Viktoria Plzen នៅ​ជុំ​ទី ៦ តែ​ទាមទារ​ឲ្យ Inter Milan បាន​ត្រឹម​ស្មើ ឬ​ចាញ់ ទល់ Bayern Munich

និយាយ​ឲ្យ​ងាយ​យល់ Barcelona ត្រូវ​តែ​ឈ្នះ​ទាំង​ពីរ​ជុំ​សេសសល់​ជា​ចាំ​បាច់ តែ​ក៏​ត្រូវ​ចាំ​អ៊ុត​មើល​លទ្ធផល​របស់​ក្លឹប​អ៊ីតាលី​ផង​ដែរ ប្រសិន​ពួក​គេ​ហ៊ាន​ឈ្នះ​តែ​មួយ​ក្នុង​ពីរ​ប្រកួត​សេសសល់ នោះ​គឺ​ក្លឹប​អេស្ប៉ាញ ល្មម​គ្រប់​លក្ខខណ្ឌ​ធ្លាក់​ទៅ Europa League។ ឬ​ម្យ៉ាង​ទៀត Barcelona ឈ្នះ​យប់​នេះ ហើយ​ស្មើ​ជុំ​បន្ទាប់ អាច​ទទួល​បាន ៨ ពិន្ទុ រួច​ទាមទារ​ឲ្យ Inter Milan ត្រូវ​ចាញ់​ទាំង​ពីរ​ប្រកួត ក្រោម​ថ្វី​ជើង Viktoria Plzen និង Bayern នាំ​ឲ្យ​ពួក​គេ​ត្រូវ​ជាប់​គាំង​ត្រឹម ៧ ពិន្ទុ ដែល​ជា​លទ្ធផល​ត្រូវ​កំណត់​ធ្លាក់​ទៅ Europa League៕

ប្រភព៖ បរទេស

Facebook Comments

ព័ត៌មានកីឡាថ្មីៗ