ក្លឹបបិសាចក្រហម Manchester United ផ្ទាំងរូបភាពរបស់ Cristiano Ronaldo ចេញពីមុខកីឡដ្ឋាន Old Trafford អំឡុងពេលមានការផ្ទុះកក្រើកអំពីបទសម្ភាសន៍របស់គាត់ជាមួយ Piers Morgan។
Ronaldo បានចេញមុខនិយាយផ្ទាល់តែម្ដង ថាក្លឹប Man Utd ក្បត់ខ្លួន និងព្យាយាមឱ្យគេចាកចេញតាំងពីរដូវកាលមុនមកម្ល៉េះ។ មួយវិញទៀត គេក៏មិនទទួលបានការផ្ដល់តម្លៃពីសំណាកអ្នកចាត់ការក្រុម Erik ten Hag ផងដែរ ចាប់តាំងពីលោកមកចូលដឹកនាំក្រុម។ ជាក់ស្ដែង នារដូវកាលនេះ មិនសូវបានចូលលេងនោះទេ បើទោះជាលោក Ten Hag តែងនិយាយថា Ronaldo ស្ថិតនៅក្នុងគម្រោងប្រើប្រាស់របស់លោកក៏ដោយ។
Ronaldo បច្ចុប្បន្នកំពុងស្ថិតនៅក្នុងប្រទេសកាតាជាមួយនឹងប្រទេសព័រទុយហ្គាល់ដើម្បីត្រៀមខ្លួនប្រកួតបាល់ទាត់ពិភពលោក ប៉ុន្តែទំនងជាប្រឈមមុខនឹងការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរពីសំណាក់ក្លឹបបិសាចក្រហមរបស់គាត់ ដែលក្លឹបកំពុងបន្តពិភាក្សាផ្ទៃក្នុង។
ទោះបីជាក្លឹបមិនទាន់មានសម្រេចពិន័យទៅលើ Cristiano បែបណាក៏ដោយ តែនាព្រឹកនេះ ស្រាប់តែមានការចាប់អារម្មណ៍ជាថ្មី នៅពេលក្លឹបសម្រេចដកផ្ទាំងរូបភាពដ័ធំរបស់គេនៅ Old Trafford ដែលក្នុងរូបនោះក៏មាន Beckham និង Cantona ផងដែរ។
Manchester Evening News បានរាយការណ៍ថា Manchester United បានដកផ្ទាំងរូបភាពដ៏ធំរបស់ Cristiano Ronaldo ចេញពីខាងមុខកីឡដ្ឋាន Old Trafford នោះគឺដើម្បីអាចជំនួសដោយរូបភាពនៃការក្រកួត Rugby League World Cup នៅមុនចុងសប្តាហ៍នេះតែប៉ុណ្ណោះ ដោយមិនបានអះអាងថាក្លឹបសម្រេចបញ្ចប់កុងត្រា Ronaldo អ្វីនោះទេ៕
ប្រភព៖ Manchester Evening News