លោក Zidane បានបញ្ជាក់ថាកីឡាករ Gareth Bale និង James Rodriguez នឹងក្លាយជាតួអង្គសំខាន់ក្នុងក្រុមសម្រាប់រដូវកាលថ្មីខាងមុខនេះ។
Bale ជាកីឡាករដែលក្រុម Real Madrid ចង់លក់ចេញ ប៉ុន្តែមិនអាចកើតឡើង ក្រោយពីក្លឹបទាំងអស់មិនហានដល់ថ្លៃដែលក្លឹបអេស្ប៉ាញចង់បាន។ ស្របពេល James វិញ មានក្រុម Napoli និង AT Madrid ចង់យកដែរ តែក៏មិនទាន់កើតមានការផ្ទេរជាផ្លូវការដែរ។ កីឡាករទាំង២នាក់នេះ បច្ចុប្បន្នកំពុងហ្វឹកហាត់ជាមួយសមាជិកក្រុមជាធម្មតាដើម្បីត្រៀមលេងរដូវកាលថ្មីដែលនឹងចាប់ផ្ដើមនៅចុងសប្ដាហ៍នេះ។
មុនការបើករដូវកាលថ្មីចាប់ផ្ដើម Zidane បាននិយាយដូច្នេះថា៖ “James និង Bale ជាកីឡាករ Real Madrid ហើយអ្នកទាំងពីរសុទ្ធតែជាសមាជិកសំខាន់ក្នុងក្រុម។ យើងរាប់បញ្ចូលទាំងអស់សម្រាប់កីឡាករដែលមានវត្តមានជាមួយយើង អ្វីគ្រប់យ៉ាងអាចកើតឡើងរហូតដល់ថ្ងៃ៣១ខែនេះ ប៉ុន្តែបច្ចុប្បន្នពួកគេជាកីឡាកររបស់យើង”៕